គណៈវិនិច្ឆ័យនិយាយថា លោក Trump បានរំលោភបំពានផ្លូវភេទលើអ្នកស្រី E. Jean Carroll និងត្រូវបង់ប្រាក់៥លានដុល្លារ
គណៈវិនិច្ឆ័យសហព័ន្ធ Manhattan បានរកឃើញថា លោក Donald Trump បានរំលោភបំពានផ្លូវភេទលើអ្នកស្រី E. Jean Carroll នៅក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់ក្នុងហាងលក់សំលៀកបំពាក់ប្រណីតមួយកាលពីនិទារឃរដូវឆ្នាំ១៩៩៦ និងបានកំណត់ឲ្យបង់ប្រាក់ឲ្យទៅអ្នកស្រីចំនួន៥លានដុល្លារ អាមេរិកពីបទគំរាមកំហែងនិងបរិហារកេរ្តិ៍។
អ្នកស្រី Carroll បានចោទប្រកាន់ថាលោក Trump ពីបទចាប់រំលោភអ្នកស្រីនៅក្នុងហាងលក់សម្លៀកបំពាក់ Bergdorf Goodman ហើយក្រោយមកបានបរិហាកេរ្តិ៍អ្នកស្រី នៅពេលលោកបានប្រកែកលើការអះអាងរបស់អ្នកស្រី ដែលលោក Trump និយាយថា ស្ត្រីរូបនេះមិនស័ក្ដិសមនឹងលោកទេ ហើយបានលើកឡើងថា អ្នកស្រីបានប្រឌិតរឿងនេះឡើងដើម្បីជំរុញការលក់សៀវភៅរបស់ខ្លួន។ លោក Trump បានទាត់ចោលគ្រប់ការចោទប្រកាន់ទាំងអស់។ លោកមិនប្រឈមនឹងការជាប់ពន្ធនាគារនៅពេលណា មួយដោយសារលទ្ធផលនៃសាលក្រមស៊ីវិលនោះទេ។លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា នេះជាការជំនំជម្រះក្ដីអយុត្តិធម៌។
អ្នកស្រី Carroll បានដាក់ពាក្យបណ្ដឹងកាលពីខែវិច្ឆិកាឆ្នាំមុនក្រោម“ច្បាប់ស្តីពីការរស់រានមានជីវិតមនុស្សពេញវ័យរបស់រដ្ឋញូវយ៉ក” ជាពង្រាងច្បាប់របស់រដ្ឋ ដែលបានបើកកកាយរឿងចាស់សម្រាប់ការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទដូចជាករណីរបស់អ្នកស្រី Carroll ជាមួយនឹងលក្ខន្តិកៈនៃការកំណត់រយៈពេលវែង។លោក Trump ពុំបានចូលបង្ហាញខ្លួនក្នុងតុលាការទេ។ដូចជាចុងចោទដទៃទៀតដែរក្នុងករណីសំណរឿងរដ្ឋប្បវេណី លោកពុំត្រូវបានតម្រូវឲ្យឡើងតុលាការសម្រាប់ការជំនំជម្រះក្ដី ឬ និតិវិធីណាមួយ ឡើយ និងមានសិទ្ធិក្នុងការមិនផ្ដល់សក្ខីកម្មដើម្បីការពារខ្លួនឯងទៀតផង៕