ឃាត់ខ្លួនយុវជន០៤នាក់ ក្រោយប្រេីប្រាស់​កាំបិត​ខ្វែវ​កាប់ទៅលើយុវជន០២នាក់ រងរបួសធ្ងន់

បាត់ដំបង​ ៖ យុវជន ៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ប្រើកាំបិតខ្វែវ កាប់ទៅលើយុវជន ២នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ​ ហាំម៉ាត់​ យ៉ាព្រី​ ភេទប្រុស​ អាយុ​ ១៥​ឆ្នាំ​, ២-ឈ្មោះ​ ញឹម​ សារត្ន័​ ហៅ​ សត់​ ភេទប្រុស​ អាយុ​ ១៥​ឆ្នាំ​, ៣-​ ឈ្មោះ​ ហឿន​ កុសល​ ហៅ​ ឆេះ​ ភេទប្រុស​ អាយុ​ ១៩​ឆ្នាំ​, ៤-ឈ្មោះ​ ឆេង​ សុថន់​ ហៅ​ វុធ​ ភេទប្រុស​ អាយុ​ ១៥​ឆ្នាំ​ ។ ទាំង៤នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី​ ០៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២៣និង៣៨​នាទី​ នៅចំណុច​លេីសួនច្បារ​សម្តេច​ក្រឡាហោម​ ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៥​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ជាមួយម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ​ ចំនួន​ ០២​គ្រឿង​ ។

លោក​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ០២​និង៤០នាទី​ នៅចំណុច​មុខ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ (​ សាលាតិចណូ​ )​ ក្រុមជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាពប្រេីប្រាស់​កាំបិត​ខ្វែវ​កាប់​ទៅ​លេី​ជនរងគ្រោះ​ ចំនួន​០២​នាក់​ មានឈ្មោះ​ រាត្រី​ សូរិយា​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកអំពរ​ ឃុំ​អណ្តេីកហែប​ ស្រុក​រតនមណ្ឌល​ ខេត្ត​បាត់ដំបង​ បណ្តាលឲ្យ​រងរបួស​ ដាច់​សរសៃ​កែងជេីង​ខាង​ឆ្វេង​ មុត​ចង្កេះពីក្រោយ​ប្រវែង​ ០២​សង់ទីម៉ែត្រ​ និង​ដាច់​ម្រាមដៃ​ចង្អុល​ខាង​ឆ្វេង​ និងម្នាក់ទៀត​ ឈ្មោះ​ ស៊ីថា​ ពុទ្ធារ៉ា​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងរាំង​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ ជនរងគ្រោះ​ខូចខាត​ស្តុបខាងក្រោយ​ នឹង​ ស្លាកលេខ​ មូលហេតុ គឺ ផ្តើមឡើងពី​ការរាំ​ឌឺដង​ដាក់គ្នា​នៅ​ក្នុង​ក្លឹប​ ។

បច្ចុប្បន្ន​ជនសង្ស័យទាំង៤នាក់ ត្រូវបានការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ ៖ សាលី

CATEGORIES
Share This