ជនជាតិថៃ ០៦នាក់ ត្រូវបានចាប់ខ្លួន ជាមួយថ្នាំញៀនមួយចំនួនធំ
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃ ចំនួន៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀនមួយចំនួនធំ បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យខាងលើមាន ៖ ១-ឈ្មោះ ត្រាយុត កែវសុផា (ហៅ ឆាំ ) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងប្រើប្រាស់)។ ២-ឈ្មោះ ណាំងថាក់ប៉ាកវិន ខុងសាមស៊ី (ហៅ អម) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។ ៣-ឈ្មោះ ឆានណាឡិន ចាន់វើនឡាត់ ហៅ អាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត)។ ៤-ឈ្មោះ ធិទិវុធ សុរិវង់ ហៅ ហ្គិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។ ៥-ឈ្មោះ ភិឈិវ៉ាត់ យុងឃុង (ហៅ អង់) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិថៃ(ជួញដូរនិងប្រើប្រាស់)។ ៦-ឈ្មោះ ឆាក់ណាក់ឆៃ លឿងសុចារ៉ើន ហៅ ហ្វេម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ (ជួញដូរនិងប្រើប្រាស់) អ្នកទាំង៦ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទាំង៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង០៦ និង០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខក្លឹប MIX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងបានធ្វើការដកហូតនូវវត្ថតាងមួយចំនួន រួមមាន ៖ ម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ១០៣ថង់កិប ទម្ងន់ ២៤៦,១ក្រាម (ថ្លឹងទាំងសម្បកថង់), ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១១៧៤គ្រាប់ ទម្ងន់ ១៤៨,៧ក្រាម (ថ្លឹងទាំងសម្បកថង់), ក្រាមម៉្សៅពណ៌សថ្លា (ខេ) ចំនួន ០១កូនថង់កិប ទម្ងន់ ៤,៩៩ក្រាម, ក្រាមម្ស៉ៅពណ៌សថ្លា ច្រកក្នុងកញ្ចប់ពណ៌មាស (ខេ) ចំនួន ១១៩កញ្ចប់ ទម្ងន់ ១៧៨,៨ក្រាម (ថ្លឹងទាំងសម្បកថង់), ថ្នាំគ្រាប់ពណ៌ស្វាយ(អ៊ិចស្តាស៊ី) ចំនួន ០៤គ្រាប់កន្លះ ទម្ងន់ ២,២៩ក្រាម, ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន ០១កញ្ចប់ ទម្ងន់ ១៧,១២ក្រាម, ថ្នាំគ្រាប់សំបកពណ៌ត្រួយចេក ចំនួន ០៩គ្រាប់, ទឹកថ្នាំពណ៌ផ្កាឈូក ចំនួន ០៤កញ្ចប់, កញ្ឆាក្រៀម ចំនួន ៤២កញ្ចប់ ១២១៧,៥ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៥គ្រឿង, កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាក EKOOL JAKAL DUALCOMPACT (បង់០១, គ្រាប់ចំនួន ០២គ្រាប់), បំពង់វែបជក់ ចំនួន ១០ដើម, ដបទឹកថ្នាំវែប ចំនួន ១២ដើម, ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៩គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្នជន សង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕