មហាជនជាង ៤ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ ព្រះអគ្គិជ័យកីឡា ស៊ីហ្គេមលើកទី៣២

បន្ទាយមានជ័យ ៖ ព្រឹត្តិការណ៍ដង្ហែរព្រះអគ្គិជ័យកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកកាន់ខេត្តបន្ទាយមានជ័យ មានមហាជនជាង៤ម៉ឺននាក់ ចូលរួមទទួលស្វាគមន៍ព្រះអគ្គិជ័យ ពោរពេញដោយទឹកចិត្តសប្បាយរីករាយ និង រំភើបក្រៃលែង ។

ក្បួនដង្ហែរប្រគល់ និងទទួលព្រះអគ្គិជ័យកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពីរដ្ឋបាលខេត្តបាត់ដំបង មកខេត្តបន្ទាយមានជ័យនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងទាំងបី និងប្រតិភូអមដំណើរ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋផើជាច្រើនទៀត ។

ទិដ្ឋភាពមហាជនយ៉ាងច្រើនកុះករក្មេង ចាស់ ប្រុសស្រី មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បុគ្គលិក សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ឈររងចាំទទួលត្រៀបត្រាអបអរសាទរ ប្រកបដោយស្នាមញញឹមជឿជាក់លើភាពជាម្ចាស់ផ្ទះ តាមរយៈក្បួនដង្ហែព្រះអគ្គិជ័យកីឡា ដែលអញ្ចើញ មកដល់ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមអបអរសាទរកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែតាមដងផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅត្រង់ចំណុចភូមិអូរញរ ឃុំភ្នំតូចស្រុកមង្គុលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមអបអរសាទរ និងដង្ហែពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អ្នកមុខអ្នកការក្នុងខេត្ត ក្រុមកីឡាករ កីឡាការិនី និងក្រុមអ្នកជិះកង់ខេត្តក្រុមរថយន្តOffRoad រហូតមកដល់វង្វង់មូលស្រីគ្រប់ល័ក្ខ រួចបន្តដង្ហែរ ឆ្ពោះទៅកាន់សាលខេត្ត ដើម្បីរៀបចំពិធីទទួលព្រះអគ្គិជ័យកីឡា មុននឹងបន្តដង្ហែទៅតម្កល់និងរក្សាទុក ព្រមទាំងរៀបចំពិធីតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅវត្តគឺរីជុំ (ចំការខ្នុរ) ដើម្បីសុំពរជ័យ និងសុំសេចក្តីសុខជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ហើយនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តក្បួនដង្ហែទៅកាន់ទឹកដីនៃខេត្តសៀមរាប(អង្គរវត្ត) តាមផ្លូវជាតិលេខ០៦ ។ តំណាងប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យ សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍ទៅនឹងព្រឹត្តិការណ៍ ដ៏សំខាន់នេះ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ពិតជាមោទនភាពមួយសម្រាប់ពួកគាត់ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលបានរៀបចំនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលទាំងនេះបានបង្ហាញឲ្យឃើញថាកម្ពុជា កំពុងតែមានកិត្តិនាមស្មើមុខស្មើមាត់ទាំងនៅថ្នាក់តំបន់ និងនៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលកម្ពុជារង់ចាំអស់រយៈពេលជាង៦០ឆ្នាំកន្លងមកហើយនោះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡានេះ ដែលបង្ហាញឱ្យឃើញនូវភាពអស្ចារ្យមួយកម្រិតទៀត ក្នុងពេលដែលប្រទេសកម្ពុជាយើង បាននិងកំពុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣ គ្រប់ថ្ងៃគឺជាអឆ្ឆរិយ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា និងការលើកកម្ពស់ទេសចរណ៍លើកកម្ពស់កីឡា ។

គួររម្លឹកថា ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីជ័យកីឡានៅបណ្ដាប្រទេសតំបន់អាស៊ាន រួចមក គឺជាពេលវេលាដែលត្រូវបានរៀបចំពិធីដង្ហែព្រះអគ្គិកីឡា នៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការតែម្ដង ៕

CATEGORIES
Share This