មនុស្សជាង ៥០០០នាក់ បានចូលរួមដង្ហែព្រះអគ្គិជ័យកីឡា នៅខេត្តបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៣ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែចូលដល់ខេត្តបាត់ដំបងហើយ ដោយមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមកីឡា ប្រមាណជាង៥០០០នាក់ចូលរួមនៅក្នុងពិធីនេះ ហើយនៅតាមដងផ្លូវក៏មានប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករឈរកាន់ទង់ជាតិនៅសងខាងផ្លូវ រង់ចាំទទួលស្វាគមន៍ដល់ក្បួនដង្ហែយ៉ាងរីករាយជាទីបំផុតផងដែរ ។

នាឱកាសនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង តាងនាមថ្នាក់ដឺកនាំខេត្ត មន្ត្រីរាជការទាំងអស់ និងប្រជាពលរដ្ឋ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដ៏កក់ក្តៅដោយស្នាមញញឹម និងមោទនភាពយ៉ាងក្រៃលែងដែលប្រតិភូរត់ភ្លើងគប់កីឡាស៊ីហ្គេមបាននាំមកនូវព្រះអគ្គិជ័យកីឡាមកដល់ខេត្តបាត់ដំបង ហើយឯកឧត្តមក៏បានរំលឹកដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កម្ពុជាយើងទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។

បន្ថែមពីនេះ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេក្ខជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា បានមានប្រសាសន៍ថា ការដង្ហែព្រះអគ្គិជ័យកីឡា នៅតាមប្រទេសជាសមាជិកអាស៊ាន ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញដល់ពិភពលោកពីសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការរួបរួមសាមគ្គីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ  ប្រសិនបើមិនមានសន្តិភាព មិនមានទេការអភិវឌ្ឍ ហើយក៏មិនមានព្រឹត្តិការណ៍កីឡា ដូច្នេះកីឡារត់ក្នុងសន្តិភាព ហើយសម្ដេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិកសន្តិភាព ហើយសម្ដេចបាន កែប្រែប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមរយៈការមិនយកថ្លៃទាំងសិទ្ធិផ្សព្វផ្សាយបន្ត សំបុត្រចូលទស្សនា និងការដឹកជញ្ជូនស្នាក់នៅហូបចុករបស់ប្រតិភូកីឡា ដោយបង្ហាញដល់ពិភពលោកថា កម្ពុជាតូចមែន តែបេះដូងធំ ។

គួរបញ្ជាក់ថា បន្ទាប់ពីរៀបចំធ្វើកិច្ចរួច ពិធីដង្ហែព្រះអគ្គិជ័យ បានចាប់ផ្ដើមដង្ហែចូលតាមផ្លូវលេខ ១ និងផ្លូវលេខ ៣ ក្នុងក្រុងបាត់ដំបង ដើម្បីយកព្រះអគ្គិជ័យកីឡា ទៅតម្កល់ទុកនៅក្នុងទីអារាម វត្តពោធិវាល ក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ដើម្បីធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា  ហើយនៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែចេញពីក្រុងបាត់ដំបង  ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងបន្តចូលរាជធានីភ្នំពេញ ៕

ដោយ ៖ សាលី

CATEGORIES
Share This