ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ អញ្ជើញចូលរួម អភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅបឋមសិក្សា-អនុវិទ្យាល័យទឹកថ្លា

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីអភិសេករូបសំណាកព្រះបដិមាព្រះបាទជ័យវរ្ម័នទី៧ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ឡាយ លីដេ សប្បុរសជនដែលបានរួមចំណែក ក្នុងការកសាងរូបសំណាកព្រះបដិមាព្រះបាទជ័យវរ្ម័នទី៧ ខាងលើ បានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងការស្នើសុំរូបសំណាកព្រះបដិមាព្រះបាទជ័យវរ្ម័នទី៧ ពីសំណាក់លោកនាយក លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យទឹកថ្លា ក្នុងគោលបំណងចូលរួមរក្សាកិត្តិនាមដ៏អង់អាចក្លាហានរបស់បុព្វបុរសខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងដើម្បីបានសេចក្ដីសុខសេចក្តីចម្រើន ទើបឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកជំទាវ បានកៀរគរសប្បុរសជន ចូលរួមកសាងរូបសំណាកព្រះបដិមាព្រះបាទជ័យវរ្ម័នទី៧ ដាក់ចំកណ្តាលបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យទឹកថ្លា ដើម្បីឲ្យកូនក្មួយសិស្សានុសិស្សបានឃើញ បានស្គាល់ និងគោរពបូជាសុំសេចក្ដីសុខសប្បាយ ។

លោក យិន សុធា នាយកអនុវិទ្យាល័យទឹកថ្លា និងលោក ឈុន ហុង នាយកសាលាបឋមសិក្សាទឹកថ្លា រួមទាំងលោកគ្រូ អ្នកគ្រូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកជំទាវ រួមទាំងសប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ក្នុងការកសាងសមិទ្ធផល ជូនដល់សាលារៀន នាឱកាសនេះ ។ និងបានគោរពជូនពរឯកឧត្តម លោកជំទាវ និងសប្បុរសជន ជួបប្រទះតែពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

CATEGORIES
Share This