អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលក្នុងខែមីនា បានហក់ឡើងខ្ពស់ ស្មើនឹង ២២,៥២% នៃផែនការ
ភ្នំពេញ៖ នៅក្នុងខែ មីនា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ–អាករគ្រប់ប្រភេទ បានហក់ឡើងខ្ពស់គួរជាទីគត់សម្គាល់ ក្នុងចំនួនប្រមាណជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវជាង ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក លើកឡើងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ មីនា និងត្រីមាសទី១ ឆ្នាំ ២០២៣ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះថា ចំណូលពន្ធប្រចាំខែ មីនា ឆ្នាំ ២០២៣ និងនៅក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៣ បានហក់ឡើងខ្ពស់ ដោយសារជារៀងរាល់ឆ្នាំ ខែ មករាដល់ ខែមីនា គឺជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមកប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថារកបានចំណេញ ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។
ជាក់ស្តែងការប្រមូលចំណូល នៅក្នុងខែ មីនា ឆ្នាំ ២០២៣ ចំណូលពន្ធ–អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួនជាង ៣ ២៥៨ ប៊ីលានរៀល ត្រូវប្រមាណជា ៨០៤ លានដុល្លារ ស្មើនឹង ២២,៥២% ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ–អាករប្រចាំខែ មីនា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួនជាង ២១៧ ប៊ីលានរៀល ត្រូវជិត ៥៤លានដុល្លារ ស្មើនឹង ៧,១៦%។
ចំណែកចូលសរុបរយៈពេល ៣ខែ ឆ្នាំ២០២៣ ចំណូលពន្ធ–អាករ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៥ ៤៤២ប៊ីលានរៀល ត្រូវជិត ១ ៣៤៤លានដុល្លារ ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ–អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួនជិត ៣២៧ ប៊ីលានរៀល ត្រូវប្រមាណជា ៨០ លានដុល្លារ ស្មើនឹង ៦,៣៩%។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ខែនេះដែរ ទោះបីចំណូលមានការកើនឡើង តែការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះបាន បន្តយកលេសពីស្ថានភាពនៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេលឬគេចវះ ពីការបង់បំណុលពន្ធ។
ទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ផងដែរ៕