កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារសពដែលបានស្លាប់ ដោយសាររន្ទៈបាញ់ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ  រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាបន្ទាយមានជ័យ បានចាត់ក្រុមការងារ នាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលបានស្លាប់ដោយសាររន្ទះបាញ់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ការនាំអំណោយនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែមេសា  ឆ្នាំ២០២៣ ដឹកនាំដោយលោកស្រី សុខ លាភា នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក មិន និមល អនុប្រធានតំណាងលោក រ័ត្ន ដាស៊ីណង់ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គលបូរី ព្រមទាំងមន្រ្តីអនុសាខាមួយចំនួនទៀតចូលរួមផងដែរ ។

លោកស្រី សុខ លាភា តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានពាំនាំការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ និងជាអ្នកទ្រទ្រង់ជីវភាពគ្រួសារដ៏សំខាន់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារសពឈ្មោះ ទឹម រុងរឿង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។

ជាការឆ្លើយតប ទៅនឹងការនាំអំណោយនេះ តំណាងគ្រួសារសព បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងគ្រាលំបាក សាកសមនឹងទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបាន ប្រគល់ជូនរួមមាន ៖ អង្ករ ៧៥គីឡូក្រាម, មី ៣កេសតូច, ត្រីខ ៣យួរ, ទឹកត្រី ៣យួរ, ស្ករស១គីឡូក្រាម, ទឹកក្រូចដបធំ៤កេស(៤៨ដប), ទឹកសុទ្ធវីតាល់ ៣កេស, ទឹកសុទ្ធធម្មតា ១០យួរ និងថវិកា៣៥ម៉ឺនរៀល ៕

ដោយ ៖ ចំរើន

CATEGORIES
Share This