អាជ្ញាធរសង្ឃឹមថា ការវិនិយោគលើមណ្ឌលកំសាន្ត រីសត ភោជនីយដ្ឋានទឹកថ្លា នឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្ត ក៏ដូចជាសភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្តនិងសង្ឃឹមថា ការវិនិយោគក្នុងស្រុករបស់លោក សាម សុជាង នៃបូរី SSC ដែលបានបង្កើតមណ្ឌលកំសាន្តលើកទឹក និងភោជនីយដ្ឋាន នៅក្បាលស្ពានទឹកថ្លា ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍

នេះជាការលើកឡើងរបស់លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ដុំ វណ្ណឌី អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក្នុងពិធីឡើងសាលអាពាហ៍ពិពាហ៍ នៃបូរី SSC នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ។

បើតាមលោក សាម សុជាង និងលោកជំទាវ ប្រាក់ យ៉ាននី  រស់នៅខេត្តសៀមរាប ដែលជាអ្នកវិនិយោគខាងលើ បានអោយដឹងថា ខ្លួនបានបោះទុនវិនិយោគយ៉ាងច្រើន និងអនុវត្តន៍គម្រោងសាងសង់ រចនានូវបណ្តុំអាជីវកម្ម សេវាកម្ម រួមមាន ៖ អគារសំណង់នៃបុរី (SSC) សាលប្រជុំនិងសិក្ខាសាលាតូច -ធំ ស្ថានីយ៍ប្រេងឥន្ទន:  ភោជនីយដ្ឋាន រមណីដ្ឋាន(រីសត) ម៉ូតែល ផ្ទះលំហែ  KTV និងសាលពិសារអាហារពិធីអាពាហ៍ពិពាហ៍ ដោយការវិនិយោគនេះ ធ្វើឡើងជិត៣ឆ្នាំមកហើយ ហើយនៅថ្មីៗកន្លងមកនេះ បានធ្វើពិធីឡើងសាលអាពាហ៍ពិពាហ៍ ជានិមិត្តរូបនៃការដាក់អោយដំណើរការនៃបណ្តុំអាជីវកម្ម សេវាកម្មជាច្រើន ដូចខាងលើ ចំឱកាសដែលក្នុងខេត្ត និងទូទាំងប្រទេស បាននឹងកំពុងត្រៀមអំណរសាទរ និងរៀបចំសង្ក្រាន្ត នៃពិធីបុណ្យឆ្នាំថ្មីឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ គស២០២៣ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ។

លោកបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មានបំណងប្រើប្រាស់ទីតាំងខាងលើ ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍ ឬពិធីជួបជុំ ជប់លៀង ចាប់ពី៧០តុ, ១២០តុ, ១៥០តុ, ៣៥០តុ អាចភ្ជាប់ទៅកាន់ផ្នែកទំនាក់ទំនាក់ និងព័ត៌មាន តាមទូរស័ព្ទ ឬតេឡេក្រាម លេខ077236121/081382539 / 0887 869853  ៕

CATEGORIES
Share This