នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត សម្របសម្រួលពលរដ្ឋខ្មែរនៅថៃ ដែលសម្រុកមកចូលឆ្នាំ នៅកម្ពុជា មួយថ្ងៃជាង ១ពាន់នាក់

បន្ទាយមានជ័យ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួយសម្របសម្រួលពលករខ្មែររាប់ពាន់នាក់ ដែលធ្វើការនៅប្រទេសថៃ ហើយបានសម្រុកមកលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជាដែលនឹងខិតចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ  ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះថា ដោយសារចំនួនពលករខ្មែរ ដែលត្រឡប់មកកម្ពុជាមានចំនួនច្រើនក្នុងមួយថ្ងៃ ធ្វើឲ្យការផ្តល់ទិដ្ឋាការពីសំណាក់អាជ្ញាធរថៃ មានការយឺតយ៉ាវ បង្កឲ្យពលកររងចាំមានការកកស្ទះ ហើយដើម្បីពន្លឿនដល់ការប្រថាប់ត្រាលិខិតឆ្លងដែន ជូនពលករកម្ពុជាធ្វើដំណើរចូលមកលេងកំសាន្តនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឲ្យបានរហ័ស និងទាន់ពេលវេលា និងដើម្បីកាត់បន្ថយការរង់ចាំយូរនៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក លោកបានចាត់កម្លាំងសុំការសហការឯកភាពជាមួយពីភាគីថៃ យករថយន្តដឹកជញ្ជូនពលករខ្មែរ ដែលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ហើយរង់ចាំយូរ ដោយមូលហេតុមកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់មិនទាន់(ម៉ាស៊ីនមានតែមួយ) ត្រឡប់ទៅស្រុកអារញ្ញប្រាថេតវិញ ដើម្បីធ្វើទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់នៅទីនោះមួយកន្លែងទៀត ។ អនុវត្តន៍របៀបនេះ ងាយស្រួលដល់ពួកគាត់ នៅពេលដែលគាត់បានទិដ្ឋាការ RE-ENTRY PERMITនេះហើយ ពេលមកដល់ច្រកទ្វារ គ្រាន់តែនគរបាលអន្តោប្រវេសន៍ថៃ ប្រថាប់ត្រាលិខិតឆ្លងដែនចេញជូនគាត់ជាការស្រាច់ ។

លោកបនតថា ក្រៅពីការជួយសម្របសម្រួលគ្រប់មធ្យោបាយ កម្លាំងរបស់លោកក៏បានចែកបាយ និងទឹកសុទ្ធ ដល់ពួកគាត់ដែលធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹក ជាបន្តបន្ទាប់ដោយមិនគិតពីចំនួនឡើយ ៕

CATEGORIES
Share This