ឃាត់ខ្លួនក្មេងទំនើង ៥នាក់ ដេញវាយគ្នាតាមផ្លូវសាធារណៈ បង្កភាពអាណាធិបតេយ្យ
ពោធិ៍សាត់ ៖ ក្រុមក្មេងទំនើង ៥នាក់ ត្រូវបានកម្លាំងនគរបាលអធិការស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ប្រមោយ ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាពវាយតប់គ្នា តាមផ្លូវសាធារណៈ នៅចំណុចលើរផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី យន ប៊ុនធា អធិការរងនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្រុមក្មេងទាំង ០៥នាក់ មាន ៖ ១- ឈ្មោះ ទ ឆល ភេទប្រុស អាយុ២១ឆ្នាំ, ២-ឈ្មោះ ស ឈត ភេទប្រុស អាយុ២០ឆ្នាំ, ៣-ឈ្មោះញ សល ភេទប្រុស អាយុ២៧ឆ្នាំ, ៤-ឈ្មោះ រ រ ភេទប្រុស អាយុ២០ឆ្នាំ, ៥-ឈ្មោះ ឃ ប ភេទប្រុស អាយុ២១ឆ្នាំ ។
ទាំង០៥នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាមួយវត្ថុតាង មួយចំនួនដូចជា ៖ ម៉ូតូម៉ាក វីនន័រ ចំនួន០១គ្រឿង, ម៉ូតូម៉ាក អុិចសិនទឺ ចំនួន០២ គ្រឿង, ដែកទីបជ្រុង ចំនួន០៤ដើម, ខ្សែក្រវាត់ពណ៌ខ្មៅ ចំនួន០១មួយ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕