អាជ្ញាធរខេត្តកំពង់ស្ពឺផ្តើមរៀបចំពិធីប្រណាំងរទេះសាឡីគោល្បឿនលឿនឡើងវិញ

កំពង់ស្ពឺ៖មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ខេត្តនិងសមាគមគោខេត្តកំពង់ស្ពឺបានផ្តើមរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញក្រោយការខកខានអស់រយៈពេលជាងពីរឆ្នាំ។ការរៀបចំត្រូវបានធ្វើឡើងនៅថ្ងៃទី៣ខែមេសាឆ្នាំ២០២២លើទីលានមួយកន្លែងស្ថិតក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីប្រណាំងនោះលោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានលើកឡើងថាជារៀងរាល់ឆ្នាំនៅខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះសាឡីគោល្បឿនលឿននេះឡើង។តែក្រោយមករដ្ឋបាលខេត្តក៏មានខកខានទៅវិញអស់រយៈពេលជាង២ឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។

លោក ស៊ុន មានជ័យ ក៏បានបន្តថាដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩មានការថមថយទៅវិញសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាឱកាសអាចប្រារព្ធពិធីប្រណាំងរទេះសាឡីគោល្បឿនលឿនបានឡើងវិញនិងក្រោមការអនុញ្ញាតពីរដ្ឋបាលខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តកំពង់ស្ពឺ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ខេត្តនិងបានការចូលរួមពីសមាគមគោខេត្តកំពង់ស្ពឺ ក៏បានរៀបចំពិធីនេះឡើងវិញ។ការរៀបចំឱ្យមានការប្រណាំងនេះដែរគឺដើម្បីរំលឹកឡើងវិញនូវប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកនៃខេត្តកំពង់ស្ពឺ ដែលអ្នកស្រុកនេះតែងតែធ្វើនៅក្រោយឱកាសប្រមូលផលស្រូវនិងក៏គៀកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៧ហើយនៃព្រឹត្តិការប្រកួតប្រណាំងរទេះសាឡីគោល្បឿនលឿន ដែលមានរទេះគោចំនួន៣០នឹមចូលរួមប្រកួត ហើយរទេះគោទាំងនោះមកពីខេត្តកំពង់ស្ពឺ២២នឹម ខេត្តកណ្តាល៥នឹមនិងមកពីរាជធានីភ្នំពេញ៣នឹម។ហើយរទេះគោទាំង៣០នឹមនេះដែរនិងធ្វើការកួតដណ្តើមជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ហើយចំពោះលេខ៤និងលេខ៥គឺជាគូកិត្តយស។

CATEGORIES
Share This