ខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ
ប៉ៃលិន៖ នៅសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៣ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័កព.ស ២៥៦៧ គ.ស ២០២៣ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវអោយអោយបងប្អូនប្រជាពលរដ្ឋទៅលេងអង្គរសង្ក្រាន្ត និងថ្នាក់ដឹកនាំខេត្ត រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយតាមខេត្តរៀងៗខ្លួន ដូច្នេះរដ្ឋបាលខេត្តប៉ៃលិននឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដូចជា៖ បរិវេណវិមានឯករាជ្យ និងដងស្ទឹងតារាប ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេសការរៀបចំស្តង់តាំងពិព័ណ៌តាមមន្ទីរអង្គភាព ការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ជាពិសេសតំបន់ទេសចរណ៍សំខាន់ៗរួមមាន៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប និង ផ្សារព្រំជាដើម ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តវិធានការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ដែលធ្វើ អោយ ស្ថានភាពប្រទេសមកល្អប្រសើឡើងវិញ ហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំនេះ អាចមានបងប្អូនប្រជាពលរដ្ឋយើង មកដើរលេងកម្សាន្តនៅខេត្តប៉ៃលិនយើងច្រើន ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយសមត្ថកិច្ចទាំង ៣ប្រភេទ ធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អគ្រប់គោលដៅ ជាពិសេសតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋាននានា និងកន្លែងប្រមូលផ្តុំមនុស្សច្រើនផងដែរ ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ គ.ស ២០២៣ នេះ គឺនឹងប្រព្រឹត្តិទៅរយះពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានទេពធីតា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិការទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទញរង់ ចេកណាំវ៉ា ព្រះហស្ដស្ដាំទ្រង់ ព្រះខ័ន្ធ ព្រហស្ដឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ជាពហនៈ។