ឯកឧត្តម ឡោក ហ៊ួរ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង និងបង្គន់អនាម័យ០១ខ្នង

ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ឡោក ហ៊ួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសង្កែ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង០៤បន្ទប់ និងបង្គន់អនាម័យ០១ខ្នង០២បន្ទប់ នៅសាលាបឋមសិក្សាបួខ្នារ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការសកម្មភាពកុមារដើម្បីអភិវឌ្ឍន៍។

នាឱកាសនោះដែរ បន្ទាប់ពីស្តាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់លោកនាយកសាលា ក៏ដូចជាចំណាប់អារម្មណ៍តំណាងកុមារសាលាឡើងប្តេជ្ញាចិត្ត និងសុន្ទរកថារបស់ម្ចាស់មូលនិធិក្រុមហ៊ុនរួចមក ឯកឧត្តម ឡោក ហ៊ួរ ក៏បានមានប្រសាសន៍សម្តែងការកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយក្រុមការងារ និងអង្គការដៃគូដែលបានខិតខំប្រមូលថវិកាមកកសាងសាលានេះឡើង ព្រោះបើមិនការសាមគ្គីសហការគ្នាបានល្អទេ យើងក៏មិនអាចកសាងសាលានេះបានឡើយ។

បន្ថែមពីនេះឯកឧត្តមក៏បានជម្រុញអោយសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រអោយក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយដើម្បីអោយកូនបានល្អ ឪពុកម្តាយត្រូវតែខិតខំប្រឹងប្រែងធ្វើការរកស៊ីដើម្បីយកថវិកាមកផ្គត់ផ្គង់អោយកូនរៀន ព្រោះបើកាលណាកូនរៀនបានខ្ពង់ខ្ពស់ បានធ្វើការងារល្អប្រាក់ខែថ្លៃ ជីវភាពក្នុងគ្រួសារនិងប្រសើរឡើង ដែលជាផ្នែកមួយចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។

CATEGORIES
Share This