បិទការប្រកួត ពានរង្វាន់បាល់ទាត់ សន្តិភាពរដូវកាលទី២
បន្ទាយមានជ័យ ៖ ក្រោយពីប្រកួតសន្សំពិន្ទុ យ៉ាងស្វិតស្វាញ ប្រកបដោយសាមគ្គីភាព គោរពតាមបទបញ្ជា វិន័យ បច្ចេកទេសនៃការប្រកួតរយៈពេលប្រមាណ១០សប្តាហ៍កន្លងទៅ ការប្រកួតពានរង្វាន់បាល់ទាត់ សន្តិភាពរដូវកាលទី២ ត្រូវបានបិទបញ្ចប់ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមអធិតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ធ្វេីឡេីងនៅតារាងបាល់ទាត់ អេកូស្ពត តាមបណ្តោយផ្លូវជាតិ លេខ៦ (ផ្លូវសៀមរាប) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក អៀង ប្រុស គ្រូគង្វាលនៅក្រុមជំនុំ បេសកកម្មដំណឹងល្អ និងជាគណៈកម្មការរៀបចំការ ប្រកួតពានរង្វាន់សន្តិភាព បានបញ្ជាក់ឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលបានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់សន្តិភាព ដែលចាប់ផ្ដើមការប្រកួតកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយបានទទួលការចូលរួមចំនួន២១ក្រុម មាន៤អ៊ុយ គឺមហាជនប្រុស មហាជនស្រី អ៊ុយ១៨(U18) និងអ៊ុយ១៦(U16) ដែលមកពីបណ្តារស្រុក-ក្រុងមួយចំនួន ។ លោកបញ្ជាក់ថា គោលបំណងនៃការប្រកួត ១-បង្កើតនិងបង្កើន សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព តាមរយៈការលេងកីឡា, ២- បំផុសដល់យុវជន ឱ្យងាកមកលេងកីឡា ដេីម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ, ៣- បំផុសឱ្យយុវជនស្រឡាញ់ការសិក្សា គ្រួសារ សង្គមជាតិ និងស្រឡាញ់សន្តិភាព ។
លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែងនូវការកោត សរសេីរដល់កក្រុមការងារ ជាពិសេសក្រុមជំនុំបេសកកម្ម ដំណឹងល្អ ក្រុមកីឡាករ កីឡាការិនី ទាំងអស់ និងគណ:កម្មការរៀបចំការប្រកួត ដែលបានខិតខំប្រឹង ប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេស ដើម្បីប្រកួតយកក្រុមកីឡាដែលទទួលបានជ័យលាភី តាមប្រភេទវិញ្ញាសានីមួយៗ ។ លោក បន្តថា ការចាញ់ឬឈ្នះពិតមែនតែ មានសារៈសំខាន់សម្រាប់ក្រុមនីមួយៗប៉ុន្តស្មារតីស្រឡាញ់ រាប់អានគ្នាជាបងប្អូន និងសាមគ្គីភាព រវាងកីឡាករនិងកីឡាករ រវាងក្រុមមួយនឹងក្រុមមួយ កាន់តែមានសារៈសំខាន់ថែមទៀត ពិសេសក្នុងពេលនេះគឺបានរៀនសូត្រ ដកពិសោធន៍ពីចំណុចល្អៗ ហើយសំខាន់គឺយើងបានយល់ពីគ្នាទៅវិញទៅមក ក្នុងបុព្វហេតុវិស័យកីឡា ដែលប្រទេសជាតិ យើងកំពុងមានការខិតខំប្រឹងប្រែង ដើរឱ្យទាន់ប្រទេសនានាលើពិភពលោក ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួត ជ័យលាភី U16 លេខមួយ បានទៅលេី ក្រុមបញ្ចាខែលខ្ចាស់, លេខពីរ ក្រមបញ្ចាខែល KKT, លេខបី ក្រុមបញ្ចាខែល Black Man។ U18 លេខមួយ បានទៅលេីក្រុមបញ្ចាខែល Black Man, លេខពីរ បញ្ចាខែល POSEIDON, លេខបី ក្រុមបញ្ចាខែល។ ក្រុមមហាជនស្រី លេខមួយ នារីបញ្ចាខែល, លេខពីរ នារីបញ្ចាខែល C, លេខបី នារីបញ្ចាខែល POSEIDON, ដោយឡែកក្រុមមហជន ប្រុស លេខមួយ បានទៅលេី ក្រុម Happy Team, លេខពីរ ក្រមសិរីសោភ័ណ និងលេខបី ក្រុមមហាជន សែនសិន FC។ ក្នុងនោះចំពោះកីឡាករ-កីឡាការីនី ឆ្នេីមក៏ទទួបាលពាន់លេីកទឹកចិត្តផងដែរ ៕