អាជ្ញាធរក្រុងច្បារមន ព្យាយាមដោះស្រាយវិវាទ នៅផ្សារកំពង់ស្ពឺ ខណៈអាជីវករផ្សារដើមលាភ សុំលក់នៅទីតាំងដដែល

កំពង់ស្ពឺ ៖ នៅចំពោះមុខអាជ្ញាធរក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមអាជីវករនៃផ្សារដើម(ផ្សារកញ្ច្រែង) បានអះអាងថាពួកគាត់មិនអាចទៅលក់នៅផ្សារ ឈួន គឹមសាន បានទៀតទេ ព្រោះលក់មិនដាច់ហើយប្រឈមនឹងគ្មានលុយបង់ធនាគារ ដូច្នេះស្នើសុំអាជ្ញាធរកុំដេញពួកគាត់ចេញពីផ្សារលាភអី ។

អ៊ុំស្រីឈ្មោះ ធុច លក់បន្លែនៅផ្សារដើមលាភ បាននិយាយថា សព្វថ្ងៃ ថ្វីត្បិតគាត់លក់នៅលើទីតាំងផ្សារដើមលាភ ក៏ពិតមែន ប៉ុន្តែក៏លក់មិនសូវដាច់ដែរ និយាយជារួម គ្រាន់បានមួយរស់ប៉ុណ្ណោះ និងផ្គត់ផ្គង់ឱ្យចៅកំព្រាចំនួន៤នាក់ ដែលម្តាយរត់ចោល ឪពុកឆ្គួត បានរៀនសូត្រ ដែលពេលខ្លះចៅសុំតែខោអាវកីឡាមួយកំប្លេរ ក៏គាត់គ្មានលទ្ធភាពទិញឱ្យផង ហើយបើនិយាយពីសល់ គឺ គ្មានទេ ពេលខ្លះដាក់ឥវ៉ាន់ថ្មីគ្មានទាំងលុយឱ្យគេគ្រប់ផង ។ តែទោះជាយ៉ាងណា គឺ វាគ្រាន់ជាង កាលលក់នៅផ្សារ ឈួន គឹមសាន ដែលជាផ្សាររដ្ឋបាលខេត្ត រៀបចំក្នុងកំឡុងនៃការរីករាលនៃជំងឺកូវីដ-១៩ ។ អ៊ុំស្រីថា រយៈពេលជាងបីខែ ដែលអ៊ុំស្រីលក់ក្នុងផ្សារ ឈួន គឹមសាន គឺ កើតមានបំណុល ដោះគេរហូតមកទល់ពេលនេះ ។

លើកឡើងស្រដៀងគ្នានេះដែរបងស្រី សារ៉េត អាជីវករលក់សាច់នៅផ្សារដើមលាភដូចគ្នា បាននិយាយថាក្នុងរយៈពេលលក់នៅផ្សារ ឈួន គឹមសាន រូបគាត់ក៏ដូចអ្នកលក់ឯទៀត គឺ រកលុយធនាគារមិនបានទេ ព្រោះលក់មិនដាច់ទាល់តែសោះ ។ ដូច្នេះរូបគាត់ក៏ដូចអាជីវករដើមលាភទាំងអស់ ស្នើរសុំដល់អាជ្ញាធរក្រុង និងខេត្ត កុំបណ្តេញពួកគាត់ឱ្យទៅលក់នៅផ្សារ ឈួន គឹមសាន ជាថ្មីអី ពួកគាត់សុំលក់ចាប់ពីម៉ោង៥ ដល់ត្រឹមម៉ោង៨ព្រឹកប៉ុណ្ណោះ នៅផ្សារដើមលាភ ហើយក៏សន្យារើឱ្យអស់ត្រឹមម៉ោងហ្នឹងដែរ មិនបង្កការកកស្ទះទៀតទេ ។

ដោយឡែកអាជីវករលក់ ខាងក្នុងផ្សារកំពង់ស្ពឺវិញ ក៏បានអះអាងដូចគ្នាថា បើពួកគាត់នៅតែអាចលក់បានលើដងផ្លូវ ចំណុចរង្វង់ផ្សារដើមលាភ ចាប់ពីម៉ោង៥ដល់ម៉ោង៨ ពួកគាត់ក៏ត្រូវលក់នៅខាងក្រៅផ្សារដូចគ្នាដែរ ហើយនិងរើចេញវិញឱ្យអស់នៅម៉ោង៨ព្រឹកដូចគ្នា ។ និយាយរួមបើក្រុមអាជីវករផ្សារដើមលាភ មិនអាចត្រូវបានរៀបចំជាថ្មីទេ  គឺពួកគាត់នៅតែលក់មិនត្រឡប់ចូលផ្សារវិញឡើយ ។

ជុំវិញការអះអាងរៀងខ្លួនរបស់ក្រុមអាជីវករទាំងពីរខាងលើ អភិបាលក្រុងច្បារមនលោក ទឹម ផានូ បានលើឡើងថា អាជ្ញាធរក្រុងនឹងខិតខំរិះរកគ្រប់នីតិវិធី និងការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយវិវាទនេះ ឱ្យបានឆាប់បំផុតដោយប្រើនយោបាយឈ្នះ ឈ្នះ មិនឱ្យអាជីវករទាំងពីរប្រឈមមុខដាក់គ្នាឡើយ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នកំណាត់ផ្លូវខាងកើតនៃផ្សារបរិវេណផ្សារកំពង់ស្ពឺ នៅព្រឹកម៉ោង៥ដល់ម៉ោង៩ គឺ ត្រូវបានកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍ទៅមកបានទេ គ្រាដែលអាជីវករក្នុងផ្សារ បានលក់ត្រៀបត្រាលើផ្លូវនេះ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This