ក្រសួង​ការងារ ត្រូវបាន​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​២០២២

ភ្នំពេញ​  ៖​ ក្រសួង​ការងារ​ និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ទាំងអស់​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យបាន​ជ្រាបថា យោងតាម​ច្បាប់​ស្តីពី​ការងារ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ស្តីពី​ការឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​២០២២ សូម លោក លោកស្រី ជា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​អនុញ្ញាតឱ្យ​កម្មករនិយោជិត ទាំងអស់​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ក្នុង​រយៈពេល បី​ថ្ងៃ​គឺ​ថ្ងៃទី​១៤-១៥ និង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២​។​

​ចំពោះ​រោងចក្រ សហគ្រាស​ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត ទៅជា​ប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្ន ក្នុងពេល​តែមួយ​នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ នីមួយៗ​ដោយ​ផ្លាស់​វេន​គ្នា​។
​កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ចូល​ខ្មែរ​ឆ្នាំនេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់ បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ឈប់សម្រាក​តាម​កាលបរិច្ឆេទ​នីមួយៗ​ខាងលើ និង​រក្សា ទុកជា​ប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​។​

​ក្នុងករណី​មានការ​ព្រមព្រៀងគ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង របស់​រោងចក្រ សហគ្រាស ឬ​អនុសញ្ញា​រួម ការឈប់​សម្រាក​របស់​កម្មករនិយោជិត​អាចអនុវត្ត​នៅពេលណា មួយ​ផ្សេងទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រកា​សលេខ ២៧៧/២១ ខាងលើ​។ ក្រសួង​សូម​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការ “៣ ការពារ​” និង “៣ កុំ​” និង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហ​ប្រុស និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕

CATEGORIES
Share This