មន្ទីរធនធានទឹកពន្លឿនការជួសជុលភ្លឺប្រឡាយមេរលាំងជ្រៃខាងជើងនិងប្រព័ន្ធធារាសាស្ត្រក្រពើទ្រោមឡើងវិញក្រោយរងការច្រោះដាច់ដោយទឹកជំនន់ ដើម្បីធានាដល់ការស្រោចស្រពផ្ទៃដីស្រូវប្រាំង ស្រូវដើមរដូវនិងដំណាំរួមផ្សំ

កំពង់ស្ពឺ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជំនន់ទឹកភ្លៀងកាលពីអំឡុងពាក់កណ្តាលខែមករាកន្លងទៅបានបំផ្លិចបំផ្លាញ ប្រព័ន្ធធារាសាស្ត្រចំនួនពីរគឺប្រឡាយមេនាំទឹករលាំងជ្រៃខាងជើងនិងប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម  ដែលទាមទារឱ្យមានការជួសជុលឡើងវិញបន្ទាន់ ដើម្បីនាំទឹកពីទ្វារទឹករលាំងជ្រៃនិងនាំទឹកពីអាងទឹកអន្លង់ជ្រៃទៅស្រោចស្រពផ្ទៃដីស្រូវប្រាំង ដំណាំរួមផ្សំនិងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់ថា ភ្លឺប្រឡាយមេរលាំងជ្រៃខាងជើងបានដាច់ខូចដោយសារទឹកជំនន់ធ្លាក់មកពីទំនប់ចាន់ថ្នាលប្រវែងប្រមាណជា១គីឡូម៉ែត្រ ត្រូវធ្វើការជួសជុលឡើងវិញជាបន្ទាន់ដើម្បីនាំទឹកពីអាងទឹករលាំងជ្រៃទៅស្រោចស្រពស្រូវប្រាំងនៅស្រុកអង្គស្នួលខេត្តកណ្តាលនិងទៅតាមប្រឡាយតាហោ។ចំណែកឯប្រព័ន្ធធារាសាស្ត្រក្រពើទ្រោមនៅស្រុកឧដុង្គ ទឹកជំនន់បានបង្កឱ្យទំនប់បាក់ដាច់ចំនួន១១កន្លែងនិងផ្លូវទំនប់ទឹកហូរច្រោះប្រវែងជាង១គីឡូម៉ែត្រ។ ទីតាំងដែលរងការខូចខាតទាំងនេះក៏ត្រូវជួសជុលបន្ទាន់ឡើងវិញផងដែរ ដើម្បីនាំទឹកពីអាងទឹកអន្លង់ជ្រៃទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងជាង១០០ហិកតា ផ្ទៃដីដំណាំឪឡឹកជាង៣០ហិកតានិងផ្ទៃដីស្រូវដើមរដូវជាង៥០០ហិកតានៅស្រុកឧដុង្គ។

លោកប្រធានមន្ទីររូបនេះបានបន្ថែមថា បើមិនមានការជួសជុលឡើងវិញឱ្យទាន់ពេលវេលាទេ ប្រព័ន្ធទាំងពីរនេះគឺមិនអាចនាំទឹកទៅដល់គោលដៅដើម្បីបំពេញដល់តំរូវការស្រោចស្រពបានឡើយ។

CATEGORIES
Share This