ភាពមិនប្រក្រតី នៅសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លើការបញ្ឈប់សមាជិកភាព នឹងអាចរារាំងការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី
បន្ទាយមានជ័យ ៖ ភាពមិនប្រក្រតី នៅសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាចធ្វើអោយដំណើរការបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងអាណត្តិទី៣ លើកទី១ នាថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ជួបបញ្ហា ខណៈអង្គភាពជំនាញរាយការណ៍ជូនថ្នាក់លើរៀងខ្លួន ។
ភាពមិនប្រក្រត្តី នៃការបញ្ឈប់សមាជិកភាពនេះ សមាជិក និងអនុប្រធានសភា ខាងក្រុមរិះគន់ ចាត់ទុកថា នោះជាវាំងននខ្មៅ និងអំពើអយុត្តិធម៌មួយ ។ ប៉ុន្តែអនុប្រធានផ្សេង និងប្រធានសភានេះ និយាយថា សមាជិកដែលត្រូវបញ្ឈប់សមាជិកភាពនោះ មានកំហុសនឹងបទបញ្ជារផ្ទៃក្នុង លក្ខន្តិក:សភា មិនបានបង់ថវិកាទ្រទ្រង់ និងអសកម្មការងារ ។
ការបែកធ្លាយភាពមិនប្រក្រតីនេះ ក៏បានលេចឡើងក្នុងកិច្ចប្រជុំសម្របសម្រួលមួយ កាលពីថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅ នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានលោក គឹង វណ្ណ: អភិបាលរងខេត្ត ជាប្រធានអង្គប្រជុំ និងចូលរួមដោយលោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្ត លោកលោកស្រី អនុប្រធាន និងសមាជិកជ្រើសតាំង ជាដើម ។
ក្នុងនោះប្រធានអង្គប្រជុំ និងសមាជិក ដូចមានឈ្មោះខាងលើ ហាក់ដូចជាព្យាយាមយកក្រដាសខ្ចប់ភ្លើង ឬប្រើអំណាចអត្តនោម័ត ដោយលើកឡើងថា សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តនេះ ក្នុងអាណត្តិទី៣ លើកទី១ មានចំនួន ១៥រូប ។ ប៉ុន្តែក្នុងនោះ.មាន២រូប បានដាក់ពាក្យលាឈប់ ។ ដូច្នេះការបោះឆ្នោតជ្រើសរើសយកសមាជិកថ្មី កំណត់យកតែចំនួន១៣នាក់ ប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ ក្នុងចំណោមចំនួន ១៣នាក់នោះ . មានសមាជិកម្នាក់ទៀត គឺលោក ឆេង បញ្គារឹទ្ធិ ត្រូវបានសភាស្នើបញ្ឈប់សមាជិកភាព មុនអាណត្តិ ។ ហើយក៏មិនអាចឈរឈ្មោះជាថ្មី នូវបេក្ខជនសមាជិកជ្រើសតាំងដែរ ដោយសារគាត់អសកម្ម អនុវត្តខុសនឹងលក្ខន្តិក:សភា ហើយមិនបានបង់ថវិកាទ្រទ្រងសភា ។ ហេតុនេះ គេត្រូវជ្រើសរើសបេក្ខជន / នារី ១រូប បំពេញបន្ថែម មកជំនួស ដោយភ្ជាប់ជាមួយគុណសម្បត្តិ បុគ្គលនោះថា ត្រូវតែគោរពលក្ខន្តិក:សភា , ត្រូវមានឆន្ទះ និងសកម្មការងារ ។
ប៉ុន្តែករណីនេះ លោក ហ៊ុយ ឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្ត ក៏ដូចលោក ឆេង បញ្ញារឹទ្ធិ សមាជិកជ្រើសតាំងនោះបានលើកឡើងថា ភាពមិនប្រក្រតីក្នុងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានច្រើន ។
ក្នុងនោះ លោកប្រធានបច្ចុប្បន្ន បានរិ:រកកលល្បិច និងមធ្យោបាយមិនសុច្ចរឹត រារាំងមិនអោយលោក ឆេង បញ្ញារឹទ្ធិ អាចឈរឈ្មោះជាបេក្ខជនសមាជិកជ្រើសតាំង និងឈរប្រកួតតំណែងប្រធាន ។
លោកបានបន្តថា ករណីដូចគ្នា ក៏មានរួចហើយកាលពីការបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ជកម្មខេត្តអាណត្តិមុន ដែលប្រធានបច្ចុប្បន្ន ក៏រកការអន្តរាគមន៍ពីក្រៅ ដើម្បីធានាថាគ្មានបេក្ខជនណាឈរប្រជែង ឬត្រូវរងសម្ពាធអោយអ្នកប្រជែងបោះបង់សិទ្ធិ ។
លោកបានបន្តថា ជាក់ស្តែងទាំងអាជ្ញាធរ ទាំងមន្ទីរពាណិជ្ជកម្មខេត្ត ដូចជាចាំតែធ្វើតាមការចង់បានរបស់លោកប្រធានសភាពាណិជ្ជកម្មខេត្ត ប៉ុនប៉ងបញ្ឈប់សមាជិកភាពលោក ឆេង បញ្ញារឺទ្ធិ ដោយអត្តនោម័តដែលអនុវត្តខុសលក្ខន្តិកៈសភា , បានលុបចោលពីក្នុងក្រុមរួម នៃតេឡេក្រាមនូវឈ្មោះសមាជិកនេះ និងជ្រើសរើសសមាជិកថ្មីឈរឈ្មោះជំនួស ។ ពោលគឺជាគោលការណ៍សមាជិកភាព(លោកឆេង បញ្ញារឹទ្ធិ) មិនទាន់ផុតសុពលភាពនៅឡើយ ល្គឹកណា មិនទាន់មានការបោះឆ្នោតជ្រើសរើសសមាជិកអាណត្តិថ្មី និងមិនទាន់លុបចេញពីអនុក្រឹត្យដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ឬក៏សាម៉ីខ្លួនមិនលាឈប់ ។
លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នៅមិនអាចទាក់ទងបានមកទល់ថ្ងៃទី០៦ ខែកុម្ភ: នេះ ប៉ុន្តែអនុប្រធាន លោក សៀក សេដ្ឋា បានប្រាប់សារព័ត៌មានថា សភាពាណិជ្ជកម្ម ជាស្ថាប័នដែលធ្វើការជាក្រុម ។ ក្រុមជួយជ្រោមជ្រែងគ្នាដើម្បីជោគជ័យការងារ ។ ហេតុនេះ បើក្នុងសមាសភាពសមាជិកជ្រើសតាំង និងសមាជិក មានអ្នកណាមិនធ្វើការ នោះមតិរួមនឹងពិនិត្យ និងស្នើអោយគាត់លាឈប់ឬត្រូវបញ្ឈប់សមាជិកភាព ។
លោកបន្តថា ដូចករណីលោក ឆេង បញ្ញារឹទ្ធិ ដែលត្រូវបញ្ឈប់និងអស់សិទ្ធិពីសមាជិកភាព មកពីគាត់មិនគោរពបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិក:សភា ។ ហើយគាត់ គួរយល់ច្បាស់ណាស់ពីភាពសកម្ម ឬអត់ ពីសមត្ថភាពរបស់គាត់ ។ ក្នុងនោះ ក៏មានសមាជិកភាពច្រើនបានស៊ីញ៉េ(ផ្តិតមេដៃ)លើញតិ្តមួយ ស្នើបញ្ឈប់សមាជិកភាពរបស់គាត់ ថែមទៀត ។ ហេតុនេះ គាត់គួរទទួលខុសត្រូវ លើការបំពេញការងារមិនល្អរបស់គាត់ ។
ស្រដៀងគ្នាលោក ស្រឿង សុខា និងលោកជំទាវ ចក់ ពួក សមាជិកជ្រើសតាំង ដែលបានដឹងពីការងារមិនដិតដល់របស់គាត់ក្នុងសភា គាត់បានដាក់ពាក្យលាឈប់ដោយ ខ្លួនឯង ។ នោះជាការទទួលខុសត្រូវ ។
លោក សៀក សេដ្ឋា បានបន្តថា ដូចកន្លងមកលោក ឆេង បញ្ញារឹទ្ធិ ដែលបានទទួលតំណែងជាប្រធានសហគ្រិនវ័យក្មេង ក៏ជាសម្បទានរបស់លោក (សៀក សេដ្ឋា) ដែរ ត្បិតសម្លេងឆ្នោតលោក បានតិចជាង ឬប្រជាប្រិយលោកទាបជាងលោកផង ។
ហេតុនេះ ករណីនេះបើលោក ឆេង បញ្ញារឹទ្ធិ សូម្បីបោះឆ្នោតមិនឈ្នះលោក សៀក សេដ្ឋា ផង តើ (មានគីឡូអី) ទៅឈរប្រកួតប្រែជែងនឹងលោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបច្ចុប្បន្ន ហើយនឹងឈរឈ្មោះអាណត្តិទី៣ លើកទី២នោះ ? ហេតុនេះ ការងារចំពោះមុខ វាមិនគួរផ្តោតពេកលើរឿងឈរឈ្មោះ រឿងសមាជិកភាពនោះទេ តែគួរផ្តោតលើដំណើរការរួមទៅមុខ ៕