លោក លាង វាសនា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលក្រុងថ្មី, ជំនួសលោក ផេង សិទ្ធី ដែលត្រូវឡើងតំណែងជាអភិបាលរងខេត្ត
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងបាត់ដំបងថ្មី ដោយត្រូវតែងតាំងលោក លាង វាសនា ជំនួសលោក ផេង សិទ្ធី ដែលត្រូវឡើងតំណែងជាអភិបាលរងខេត្តបាត់ដំបង។
បន្ទាប់ពីលោក លាង វាសនា ដែលទើបប្រកាសតែងតាំងមុខតំណែងជាអភិបាលក្រុងថ្មី បានឡើងបេ្ដជ្ញាចិត្តរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តក៏បានឡើងមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងនាមរដ្ឋបាលក្រុងបាត់ដំបង រួមមានកងកម្លាំងទាំង៣និងមន្រ្ដីរាជកាក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជាពិសេសត្រូវមានការគាំទ្រនិងជួយជ្រោមជ្រែងលោកអភិបាលក្រុងថ្មី ក្នុងន័យថារដ្ឋបាលក្រុងត្រូវមានសកម្មភាពក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
បន្ថែមពីនេះឯកឧត្តមក៏បានណែនាំដល់អភិបាលក្រុង មន្រ្ដីរាជការ ចៅសង្កាត់ទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗ ដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់ដោយមិនត្រូវធ្វើការអនុវត្តរឿងដែលគ្មានការរីកចម្រើនទៅមុខ និងមិនសមស្របទៅតាមបរិបទថ្មីឡើយ ហើយរដ្ឋបាលក្រុងត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា បញ្ហាគ្រឿងញៀនបានបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋ ធ្វើឲ្យមានអំពើចោរកម្មនានាបង្កឱ្យមានជម្លោះក្នុងគ្រួសារ កាប់សម្លាប់ជាដើម។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រាប់រដ្ឋបាលក្រុង ចាត់វិធានការជាបន្ទាន់ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលបង្កឱ្យមានការខូចខាតផ្លូវ ក៏ដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់ដែលបានចែង ដោយមិនត្រូវមានការភ័យខ្លាចអ្នកមានអំណាចណាឡើយ ហើយត្រូវបន្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាដូសជំរុញពីទី៣ រហូតដល់ទី៥ និងក្រោយរយៈពេល៤ខែឡើង ដើម្បីរក្សាគុណភាពអង់ទីករ នៅក្នុងខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញបន្ទាប់ពីចាក់រួច៤ខែឡើងហើយ និងធ្វើឱ្យគុណភាពអង់ទីករ នៅក្នុងខ្លួននឹងកាន់តែធ្លាក់ចុះជាក់ជាមិនខាន។
លើសពីនេះឯកឧត្តមក៏បានក្រើនរំឮកដល់រដ្ឋបាលស្រុកត្រូវបន្តពង្រឹងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើមានសន្ដិភាពនេះឯង ហើយដើម្បីរក្សាសុខ សុវត្តិភាព ជូនពលរដ្ឋបានល្អ សមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យគ្រប់ពេល ពិសេសនៅពេលយប់ ចំពោះបញ្ហាគ្រឿងញៀន អាវុធជាតិផ្ទុះ។