លោកជំទាវ បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខ មេភូមិផ្សារព្រំជើង ដែលកំពុងសម្រាក ព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

ប៉ៃលិន៖ ដោយការយកចិត្តទុកដាក់អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ លោក ព្រាប សារុន មេភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់ លោក ព្រាប សារុន មេភូមិផ្សារព្រំជើង និងក្រុមគ្រួសារ ត្រូវខិតខំព្យាបាលជម្ងឺ ឱ្យឆាប់ជាសះស្បើយ វិលមករកសុខភាពធម្មតាវិញ ដើម្បីចូលបំពេញការងារបម្រើជាតិ និងប្រជាជនក្នុងមូលដ្ឋានបន្តទៀត ហើយក្នុងនោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នឹងនៅជាមួយ រួមសុខរួមទុក្ខជាមួយបងប្អូនយើងជានិច្ច ។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះលោក ព្រាប សារុន ក្នុងនាមជាអាជ្ញាធរ មូលដ្ឋាន កន្លងមកបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដោយការទទួលខុសត្រូចខ្ពស់ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់ចំពោះប្រទេសជាតិ ថ្នាក់ដឹកនាំ និងប្រជាជន ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋមកវិញ។

ដោយសេចក្តីរំភើបយ៉ាងក្រៃលែងចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត លោក ព្រាប សារុន មេភូមិផ្សារព្រំជើង និងក្រុមគ្រួសារ បានលើកដៃសំពះថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវអភិបាលខេត្ត និងក្រុមការងារទាំងអស់ បើទោះមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៍បានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខរូបលោកដល់មន្ទីរពេទ្យ ។

CATEGORIES
Share This