ដើមឈើធំៗក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្រុកអន្លង់វែង កំពុងរងការបំផ្លិចបំផ្លាញ
ឧត្តរមានជ័យ៖ ដើមឈើមានទំហំធំៗក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញ សង្ស័យមានរួមគំនិតពីសំណាក់អ្នកការពារក្នុងដែនជម្រកនេះតែម្ដង។
តាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍មកថា ព្រៃតំបន់ការពាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បច្ចុប្បន្នកំពុងរងការកាប់បំផ្លាញព្រៃឈើធំៗពីសំណាក់ក្រុមឈ្មួញយ៉ាងអានាធិបតេយ្យដោយពុំមានការទប់ស្កាត់ពីសំណាក់អ្នកគ្រប់គ្រង់នៅតំបន់នោះឡើយ។ ពាក់ព័ន្ធបទល្មើសនេះ ប្រជាពលរដ្ឋដាក់សង្ស័យថា មានការឃុបឃិតគ្នាពីសំណាក់អ្នកការពារក្នុងដែនជម្រកនោះតែម្ដង ទើបក្រុមខិលខូចធ្វើការកាប់បំផ្លាញព្រៃឈើបានយ៉ាងរលូន។
តាមប្រភពដដែល បានបង្ហើបទៀតថា ដីក្នុងតំបន់ដែនជម្រកគូលែនព្រហ្មទេព រាល់ថ្ងៃនាពេលយប់មានឮសំឡេងម៉ាស៊ីន អារឈើ និងដឹកជញ្ជូនឈើចេញពីក្នុងតំបន់ដែនជម្រកនេះរាល់ថ្ងៃយ៉ាងរលូនដោយមិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធក្នុងតំបន់ខាងលើនោះទេ។
ប្រភពដដែល បានបន្តថា ដីព្រៃតំបន់អភិរក្សខាងលើនេះ គេមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរចូលលេងនោះឡើយតែពួកគាត់ឆ្ងល់ថា បើអ្នកអារឈើអាចចូលបានដោយមិនមានការហាមឃាត់ឬរំខានពីនាក់ការពារនៅតំបន់ខាងលើនោះទេ។
ករណីនេះ ប្រជាពលរដ្ឋស្នើសុំដល់ក្រសួង មន្ទីរពាក់ព័ន្ធធ្វើយ៉ាងជួយធ្វើការចុះអង្កេតពិនិត្យមើលឲ្យបានច្បាស់លាស់ចំពោះករណីខាងលើនៅព្រៃតំបន់ដែនជម្រក ស្ថិតនៅក្នុងចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សព្វថ្ងៃនេះមានក្រុមការងារពីក្រុមដែលនៅបំពេញការងារនៅតំបន់ដែនជម្រកគូលែនព្រហ្មទេព ទី១.មន្រ្តីឧទ្យានុរក្សរបស់បរិដ្ថាន។ ទី២.មន្រ្តីអង្គការអភិរក្សសត្វព្រៃកម្ពុជាជាអ្នកមើល និងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។លោក បន្តថា ឈើដែលគេអារនោះ គឺយកទៅធ្វើស្នាក់យាមនៅទីនោះទេ ។ ចំពោះពលរដ្ឋថាមានអ្នកចូលកាប់អារឈើនៅតំបន់នោះ គឺមិនមានដូចដែលពលរដ្ឋនិយាយនោះឡើយ។
ករណីខាងលើនេះ ប្រជាពលរដ្ឋយល់ឃើញថា មិនខុសអីពីកន្ទេលធំបន្លំដេកនោះទេ៕