ឧត្ដមសេនីយ៍ត្រី អុី ចំរើន ចាត់កម្លាំងនាំយកថវិកាឧបត្ថម្ភ ដល់មន្ត្រីនគរបាលកំពុងសម្រាកព្យាបាលជំងឺ នៅផ្ទះ
បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចាត់កម្លាំងនាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភ ដល់មន្ត្រីនគរបាលដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅផ្ទះ ។
ការនាំអំណោយចុះសួរសុខទុក្ខនេះធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍តំណាងលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបាននាំយកថវិកា ជាប្រាក់ដុល្លារចំនួន ១,០១០ដុល្លារ, ប្រាក់បាតចំនួន ៤៩,១០០បាត, ប្រាក់រៀលចំនួន ១,១៩០,០០០រៀល និងគ្រឿងបរិភោគ មាន ៖ ទឹកដោះគោឆៅ ១កេស, ទឹកត្រចៀកកាំ ១កេស, ទឹកក្រូច ២កេស និងទឹកសុទ្ធ ៣កេស ជូនដល់លោកវរសេនីយ៍ឯក ជុំ សារ៉េត ឋានៈ នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ផងដែរថា ជានិច្ចកាលលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន រួមនិងគ្រឿងឧបភោគបរិភោគ ជូនដល់មន្ត្រីនគរបាលក្រោមឱវាទ ដែលជួបការលំបាក និងមានជំងឺដង្កាត់ផ្សេង ៗ ដោយមិនទុកឲ្យមន្ត្រីក្រោមឱវាទណាម្នាក់ ជួបការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ ៕