ក្លឹបអ្នកកាសែតកម្ពុជា ធ្វើការបោះឆ្នោតជ្រើសរើស គណៈកម្មាការនាយក សម្រាប់អាណាត្តិទី៧

ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលជាក្លឹបមួយធ្វើសកម្មភាពលើវិស័យ ព័ត៌មានយ៉ាងសកម្ម និងចាស់ទុំនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានប្រារព្វពិធីបោះឆ្នោតជ្រើសរើស គណៈកម្មាការនាយកសម្រាប់អាណាត្តិទី៧ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានបឹងមាស តាមផ្លូវជាតិលេខ៦ ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអស់លោកជាគណៈកម្មាធិការអាណាត្តិទី៦ ទាំង៩រូប ព្រមទាំងសមាជិកសកម្មក្លឹបអ្នកសែត ចំនួនជិតបីរយនាក់ ដែលជាថ្នាក់ដឹកនាំភ្នាក់ងារស្ថាប័ណ្ណព័ត៌មាន កាសែត ទូរទស្សន៍ វិទ្យុ និងគេហទំព័រ ។

មុនឈានដល់ការបោះឆ្នោតលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ហៅកាត់ថា(កអក) បានឡើងស្វាគមន៍ និងប្រកាសលាលែងពីតួនាទីរបស់គណៈកម្មាធិការនាយកអាណាត្តិទី៦ និងបង្ហាញគណៈកម្មាធិការនាយកក្លឹបអ្នកកាសែត ចំនួន៩រូប ដែលត្រូវឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី រួមមាន ៖ ១-លោកខៀវ កូឡា ស្ថាបនិកក្លឹបអ្នកកាសែតកម្ពុជា ។ ២-លោកជេត សន ស្ថាបនិកក្លឹបអ្នកកាសែតកម្ពុជា ។ ៣-លោកស្រីថុង សុវណ្ណរង្សី អគ្គនាយកាសារព័ត៌មានកោះសន្តិភាព ។ ៤-លោក ទាវ សារៈមុនី និពន្ធនាយកសារព័ត៌មាន រស្មីកម្ពុជា ។ ៥-លោក នៅ សុភ័ស្ស នាយកសារព័ត៌មាន នៃCBS ។ ៦-លោក ពុយ គា ទីភ្នាក់ងារព័ត៌មានក្យូដូ ។ ៧-កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោFM ។ ៨-លោក លាង ដឹលុច ពីសារព័ត៌មានថ្មីៗ ។ ៩-លោក សៅ ភារុណ អគ្គនាយករង BTV ។

ក្រោយការបោះឆ្នោត ដែលមានសន្លឹកឆ្នោតដែលត្រូវបានបោះ ចំនួន២៨១ ក្នុងនោះបានការ ឬថាយល់ព្រមមាន២៧៧សន្លឹក អត់បានការ ២សន្លឹកអនុបវាទ ២សន្លឹក ។ មានន័យថា បេក្ខភាពទាំង៩នាក់ ខាងលើ បានជាប់ជាគណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា អាណត្តិថ្មីទី៧ ហើយគណៈកម្មាធិការទាំង៧ បានសម្រេចគ្នាជ្រើសរើសលោក ពុយ គា ជាប្រធានក្លឹបអ្នកកាសែត ។

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាន៍ចូលរួម និងអបអរសាទរ ចំពោះលោក ពុយ គា ដែលត្រូវបានជាប់ជាប្រធាន និងគណៈកម្មាធិការទាំង៨ និងគាំទ្រយកក្លឹបអ្នកកាសែតជាដៃគូជាមួយក្រសួងព័ត៌មាន ។

តាមលោក ពុយ គា ក្លឹបអ្នកកាសែតមានអាយុ២៣ឆ្នាំមកហើយ ដោយបង្កើតឡើងដោយស្ថាបនិកលោក ប៉ែន សមិទ្ធិ ។ ដំបូងឡើយមានសមាជិកតែជាង៣០នាក់ រហូតមកដល់ពេលនេះ មានជាង៥០០នាក់ មកពីជាង៥០ស្ថាប័ណ្ណព័ត៌មាន ។ ជាកិច្ចបន្ត ក្នុងរយៈពេលបីឆ្នាំ ទៅមុខជាអតិភាពក្លឹប នឹងបន្តបណ្តុះបណ្តាលអ្នកសារព័ត៌មាន អោយកាន់តែល្អបន្ថែមទៀត ៕

CATEGORIES
Share This