ពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤០គ្រួសារនៅឃុំបាយដំរាំ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់

ខេត្តបាត់ដំបង ! នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយ លោក ស្រេង សុខា ជាប្រធានគណ:កម្មាធិការអនុសាខាស្រុកនិងសហការី បានអញ្ចើញសំណេះសំណាលសួរសុខទុក និងផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ និងអ្នកទីទ័លក្រ សរុបចំនួន ៤០គ្រួសារ មកពីភូមិចំនួន៨ក្នុងឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។

បន្ថែមពីនេះ លោក ស្រេង សុខា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ -អង្ករ២៥ គីឡូក្រាម ,មី០១កេស,ត្រីខ០១យូរ ,ទឹកត្រី០១យូរ ,ទឹកស៊ីវ០១យូរ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ។

CATEGORIES
Share This