ពលរដ្ឋរិះ​គន់ចំពោះ​អង្គភាព​ច្រកចេញ​ឧត្តរមានជ័យថា​ ចំពោះការផ្តល់​សេវាលិខិតឆ្លងដែន ​មានការ​យឺតយ៉ាវ

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងខេត្តឧត្តរមានជ័យ និងពលរដ្ឋមកពីតាម​បណ្តាល​ខេត្តផ្សេងៗទៀត ដែលមានបញ្ហាប្រឈមទៅនឹងជំងឺធ្ងន់ធ្ងរ បានស្នើដល់អាជ្ញាធរ​ខេត្តឧត្តរមានជ័យ ជួយពន្លឿនក្នុងការផ្តល់សេវាចំពោះអ្នកជំងឺ ដែលមកសុំលិខិតឆ្លងដែន តាមរយៈច្រកចេញចូលតែមួយ ជួយពន្លឿនជូន​ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ចំពោះករណីធ្វើបណ្ណឆ្លងដែននេះដែរកន្លងមក តែងតែ​មាន​បញ្ហា​លេចលឺ​ជាញឹកញាប់​ពី​ប្រជាពលរដ្ឋ​ដែលមកពីតាមបណ្តាលស្រុកឆ្ងាយៗ ក្នុងខេត្តឧត្តរមានជ័យ និងតាមខេត្តផ្សេងៗ​រិះ​គន់ចំៗ​ចំពោះ​មន្រ្តី​អង្គភាព​ច្រកចេញ​ចូលតែមួយ​របស់​ខេត្តថា​ ការផ្តល់​សេវា​ដល់ប្រជាពលរដ្ឋតែងតែ​មានការ​យឺតយ៉ាវ និងតម្រូវឲ្យអ្នកជំងឺ​ដែល​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​រួមទាំង​គ្រូពេទ្យ​មក​ជាមួយ​ដើម្បី​បញ្ជាក់ថា​ពិតជាឈឺធ្ងន់ធ្ងរមែននោះ ទើប​អាច​អនុញ្ញាត​ធ្វើ​លិខិត​បណ្ណឆ្លង​ដែន​បានចេញទៅ​សម្រាក​ព្យាបាល​បន្តនៅប្រទេសថៃ។

ក្នុងនោះដែរ​លោក ប៉ិច រតនះ នាយករងរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ចំពោះករណី​ប្រជាពលរដ្ឋដែលមកសុំធ្វើបណ្ណឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយនោះ គឺ​អាជ្ញាធរ​តម្រូវធ្វើឲ្យតែពលរដ្ឋរស់នៅក្នុងខេត្តតែប៉ុណ្តោះ ដោយពលរដ្ឋម្នាក់​ត្រូវចំណាយថវិការអស់​២ម៉ឺន​រៀលរយៈពេល​១សប្តាហ៍​ទើប​ទទួល​បាន។ ដោយឡែកសម្រាប់ពលរដ្ឋមក​ពីបណ្តាលខេត្តផ្សេងៗ​មាន​ស្ថានភាពជំងឺ​ធ្ងន់ធ្ងរ​ជាក់ស្តែងអាចធ្វើជូនបាន ដោយមានភ្ជាប់មក​នៅគ្រូពេទ្យ​មក​ជាមួយ​បញ្ជាក់ថា​ ឈឺពិតប្រាកដមែន។

លោកបន្តថា ករណីពលរដ្ឋដែលមានជំងឺមិនធ្ងន់ធ្ងរ​ទេនោះ​អាជ្ញាធរមិន​អាចធ្វើបណ្ណឆ្លងដែនជូន​បានទេ​ និងណែនាំឲ្យពួកគាត់ត្រូវរកសេវា​ព្យាបាល​នៅតាមមន្ទីរពេទ្យបង្អែក ឬក៏​មណ្ឌលសុខភាព នៅក្បែរមូលដ្ឋានរបស់ខ្លួនវិញ រដ្ឋបាលខេត្ត​អនុញ្ញាត​ឲ្យតែចំពោះពលរដ្ឋដែលមាន​ជំងឺធ្ងន់ធ្ងរ​ត្រូវ​សង្រ្គោះបន្ទាន់តែប៉ុណ្តោះ។

គួរបញ្ជាក់ថា ករណីស្នើសុំធ្វើបណ្ណឆ្លងដែននេះដែរ​ប្រជាពលរដ្ឋ​បាន​សម្តែងនូវការ​ខកចិត្តគ្រប់ៗគ្នា​ចំពោះអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ក្នុងការចេញបណ្ណឆ្លងដែន​បច្ចុប្បន្ននេះ មានការ​យឺតយ៉ាវ​ បញ្ហានេះ ធ្វើ​ឲ្យពលរដ្ឋ​ដែល​ជា​អ្នក​មាន​ជំងឺអាច​នឹង​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដោយ​សារតែការចេញបណ្ណមានការពន្យាពេលយឺតយ៉ាវយ៉ាងដូច្នេះ៕

CATEGORIES
Share This