ការដូរឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន ផ្គល់ការបង់ពន្ធប៉ាតង់រយៈពេល៥ឆ្នាំ ដល់សារព័ត៌មាននៅកម្ពុជា និងអនុសាសន៍ជាច្រើន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជា មួយអ្នកសារព័ត៌មានប្រមាណ ជិត៥,០០០នាក់ នៅសាលពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំ ដោយសារជំងឺកូវីដ-១៩ បានប្រកាសផ្តល់ការអនុគ្រោះពន្ធប៉ាតង់រយៈពេល៥ឆ្នាំ ដល់សារព័ត៌មាន អនឡាញ នៅកម្ពុជានិងបានផ្តល់អនុសាន៍ដល់អ្នកសារព័ត៌មាន ក៏ដូចជាស្ថាប័ណ្ណពាក់ព័ន្ធជាច្រើនទៀត ។
អនុសាសន៍ទាំងអស់ក្នុងនោះរួមមាន « ខ្ញុំសូមប្រកាសជូនផ្នែកប៉ាតង់នេះ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ ប៉ុន្តែអ្នកទាំងអស់ គ្នាត្រូវទៅជួបជាមួយអង្គភាពទទួលខុសត្រូវ កុំអាងតែអនុគ្រោះលេងបង្កើតក្រៅច្បាប់ឱ្យសោះ »។ សម្តេច ក៏បានរំលឹកដល់ស្ថាប័នសារព័ត៌មានធំៗ ដូចជា វិទ្យុ ទូរទស្សន៍ គឺនៅតែបន្តបង់ពន្ធធម្មតាដដែល ។
ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ថ្នាក់ដឹកនាំស្ថាប័នជាតិ ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវរបស់ខ្លួននោះទេ ។ វានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើអ្នក ទាំងអស់គ្នាចាត់ទុកថា អ្នកសារព័ត៌មាន គឺជា សត្រូវរបស់ខ្លួន ។ “ពិតហើយខ្ញុំមិន ជំទាស់ទេ ជាមួយនឹងសារព័ត៌មានខ្លះ ដែលវាអត់បានការ សូម្បីតែខ្ញុំក៏ខ្ញុំមិន និយាយរកផង ។ ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អនៅក្នុងការផ្តល់ជូន សាធារណៈជននូវរឿងពិត គឺត្រូវគប្បីរាប់រក និងធ្វើទំនាក់ទំនងឲ្យបានល្អដើម្បី ផ្សាភ្ជាប់ព័ត៌មាននេះជាមួយព័ត៌មានដែលយើងធ្វើជូនទៅសាធារណៈជនឲ្យបានដឹង ។ សារព័ត៌មាននៅក្នុងប្រទេសរបស់យើងដែលគេធ្វើការត្រឹមត្រូវ គឺ អស់លោកគួរត្រូវបានធ្វើទំនាក់ទំនង ហើយធ្វើខ្សែរយៈលឿនបំផុត” ។
សម្ដេចតេជោ ហ៊ុន សែន សន្យាផ្ដល់នូវជំនួយមេធាវី របស់សម្ដេច ទៅជួយការពារក្ដី ដល់អ្នកសារព័ត៌មានដែលហ៊ានបញ្ចេញការពិត តែមិនការពារក្ដីឱ្យអ្នកសារព័ត៌មានណា ដែលមូលបង្កាច់គេនោះទេ ។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា ត្រូវបន្តបំផ្លាញចោលពួកឱកាសនិយម ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់តំលៃកិត្យាអនុភាព របស់អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន ។
សម្ដេច បានមានប្រសាសន៍រំលឹកបញ្ជាក់ពាក្យស្លោកលើកមុនថា “អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត” ហើយសម្ដេច ក៏បានបន្ថែមនូវពាក្យស្លោកថ្មីមួយទៀត “អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ” ៕