រដ្ឋបាលខេត្តកំពង់ស្ពឺប្រកាសឱ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ខណៈអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកអន្លង់ជ្រៃដើម្បីរំដោះទឹក

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយដងស្ទឹងក្រាំងពន្លៃបង្កើនការប្រុងប្រយត្ន័ខ្ពស់ ខណៈអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកអន្លង់ជ្រៃចំនួន៥ជាបណ្តោះអាសន្នដើម្បីរំដោះទឹកចេញ។ការប្រកាសបែបនេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រោយមានភ្លៀងធ្លាក់បន្តបន្ទាប់នៅផ្នែកខាងលើដែលធ្វើឱ្យកម្រិតកម្ពស់ទឹកនៃទំនប់អាងអន្លង់ជ្រៃស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ឡើងខ្ពស់ឈានដល់កម្រិតប្រកាសអាសន្ន។

ជាមួយនិងការប្រកាសនេះដែរ រដ្ឋបាលខេត្តបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរៀបចំទុកដាក់ឱ្យត្រឹមត្រូវនូវសម្ភារៈសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ ត្រូវប្រញ៉ាប់រួសរាន់ជម្លៀសទៅកាន់ទីទួលមុនគេ។ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយត្ន័ខ្ពស់ចំពោះខ្សែភ្លើងអគ្គិសនីដែលបង្កគ្រោះថ្នាក់ជាយថាហេតុ។

CATEGORIES
Share This