Update ៖ អាជ្ញាធរសម្រេចតម្កល់សពជនរងគ្រោះក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនៅប៉ោយប៉ែត នៅវត្តត្រាច ដើម្បីធ្វើកោសល្យវិច្ច័យមុនដឹកទៅប្រទេសថៃ

បន្ទាយមានជ័យ ៖ ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច ដែលមានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកសាកសពចេញទៅប្រទេសថៃ ក៏ដូចជាតាមតំបន់គោលដៅនានា ។

មកទល់ថ្ងៃត្រង់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជាថៃ បាននិងកំពុងបន្តសកម្មភាពបាញ់ទឹកពន្លត់ អាគារដែលបានឆាប់ឆេះ ដើម្បីរុករកជនរងគ្រោះនៅក្នុងអគារ ហើយការបាញ់ពន្លត់នេះ សមត្ថកិច្ចបានគ្រប់គ្រងការឆេះបានប្រមាណជា៨០%ហើយ នៅប្រមាណជា ២០%ទៀត នៅលើអគារដែលត្រេតរៀបនឹងដួល ហើយប្រតិបត្តិការរុករកជនរងគ្រោះ គឺ កំពុងធ្វើពីសំណាក់ក្រុមសង្គ្រោះរបស់ថៃ ។

ជាមួយគ្នានេះអាជ្ញាធរ និងសមត្ថកិច្ច បានរៀបចំបិទផ្លូវធ្វើដំណើរ ពីចំណុចរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត ទៅដល់ខ្លោងទ្វារច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីការពារខ្លាចអគារដួលរលំ បង្កគ្រោះថ្នាក់បន្ថែមទៀត ។

សូមបញ្ជាក់ថា ការសម្រេចតម្កល់សពជនរងគ្រោះ មុនធ្វើការដឹកចេញទៅប្រទេសថៃ និងតំបន់គោលដៅនានានេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាគ្នារវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ជាអភិបាលខេត្ត ជាមួយអាជ្ញាធរថៃ ។ ប៉ុន្តែមុនមានការសម្រេចនេះ កាលពីទាបភ្លឺ បន្ទាប់ពីរកឃើញសព និងអ្នករបួសមួយចំនួន សមត្ថកិច្ចថៃ ក៏បាន ដឹកសព និងអ្នករបួសជាច្រើននាក់ដែរដើម្បីសង្គ្រោះបន្ទាន់នៅ ប្រទេសថៃ ៕

CATEGORIES
Share This