សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៣នាក់ ពាក់ព័ន្ធអំពើលួច ជាច្រើនករណីនៅភ្នំពេញ និងបណ្ដាលខេត្ត

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខ ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធអំពើលួចជាង ២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿង និងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។

ការបង្ហាញមុខជនសង្ស័យនេះ ធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ត្រឹម ធឿន ហៅ ឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ​កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ជាប់​ពន្ធនាគារ​ម១ រយៈពេល០១ខែ ត្រូវបានដោះលែងវិញ ហើយបន្ត​ធ្វើ​សកម្មភាពយ៉ាង​សកម្មជាងមុន​ និងច្រើនករណីបន្ថែមទៀត។ ទី២ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ និងទី៣ ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹក​ផងដែរ កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ​ខែមីនា ឆ្នាំ២០២២ នគរបាល​ព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលអធិការដ្ឋាន នគរបាល​ខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ នៅ​ចំណុច​ផ្ទះលេខ៧អឺ ​ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ ​សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ​ពាក់ពន្ធ័បទល្មើស ​អំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន ២០ ករណី បាត់បង់ម៉ូតូ​សរុប ចំនួន ៤៤គ្រឿង រថយន្តចំនួន០២ គ្រឿង​ ក្នុងនោះ នៅរាជធានីភ្នំពេញចំនួន ០៥ ករណី(ម៉ូតូចំនួន ២៥គ្រឿង) ​នៅខេត្តកំពត ​ចំនួន ៥ ករណី (ម៉ូតូចំនួន ៦គ្រឿង រថយន្តចំនួន ០២គ្រឿង) ​នៅខេត្តកំពង់ស្ពឺ ចំនួន ០៦ករណី (ម៉ូតូចំនួន ០៧គ្រឿង) ​និងនៅខេត្តតាកែវ ចំនួន ០៤ករណី ​(ម៉ូតូចំនួន ០៦គ្រឿង)

នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ​ក្នុងរង្វង់ប្រតិបត្តិការ កម្លាំង​នគរបាលដកហូតវត្ថុតាងម៉ូតូបានចំនួន ១៤គ្រឿង ​រថយន្តចំនួន១គ្រឿង និង​សម្ភារៈសម្រាប់​កាច់​សោរ​កុងតាក់​មួយ​ចំនួនផងដែរ៕

CATEGORIES
Share This