ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នត្រូវរថយន្តបើកបត់ឆ្វេងបុកកិនស្លាប់និងរបួសធ្ងន់ស្រាលចំនួន០៣នាក់

ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនិងមនុស្ស០២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដឹកដីមួយគ្រឿងបុកប៉ះជាមួយម៉ូតូមួយគ្រឿងដែលកំពុងឡើងវ៉ាជែង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិអូរខ្ជាយត្បូង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកដី ម៉ាកនីសាន់ពណ៌ស មួយគ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបើកបត់ឆ្វេងក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបន្ទាយមានជ័យ 1A-5880 បើកបរដោយឈ្មោះ ម៉ែន បូរាន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នករួមដំណើរពីរនាក់ ទី១-ឈ្មោះ ឃឿប សុខេន ភេទប្រុស អាយុ ៦ឆ្នាំ និងក្មេងស្រីម្នាក់ទៀតឈ្មោះ ឃឿប សុនី អាយុ ៤ឆ្នាំ ក្នុងទិសដៅស្របគ្នា និងបានឡើងវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តបុកកិនពេញទំហឹងបណ្តាលឱ្យក្មេងប្រុសបែកក្បាលស្លាប់ភ្លាមៗ ចំណែកក្មេងស្រីរងរបួសធ្ងន់ អ្នកបើកបររងរបួសបន្តិចបន្តួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុ ប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។

CATEGORIES
Share This