ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីគម្រប់ខួប៣០ឆ្នាំ នៃគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទា

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីគម្រប់ខួប៣០ឆ្នាំ នៃគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទា ដែលរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC នៅឯមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល និងជានាយកមូលនិធិជនពិការ និងជាតំណាងឯកឧត្តម វង សួត រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
កម្មវិធីស្ដារលទ្ធភាពពលកម្មកាយសម្បទា ជួយដល់ជនមានពិការភាពទទួលបាននូវសមត្ថភាព ក្នុងការធ្វើចលនាឡើងវិញ ដែលអាចឱ្យពួកគាត់រស់នៅក្នុងភាពថ្លៃថ្នូរ និងដើរតួនាទីយ៉ាងសកម្មក្នុងសង្គម ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងជាអតីតសមរភូមិក្ដៅគគុករវាងទ័ពខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ដែលតែងតែប្រយុទ្ធគ្នាជាញឹកញាប់ និងជាខេត្តមួយដែលត្រូវបានកងទ័ពទាំងពីរភាគីបានដាក់គ្រាប់មីនរាប់លានគ្រាប់ ក្នុងការការពារសត្រូវរៀងៗខ្លួន ។ ឯកឧត្តមបានបន្តទៀតថា គ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្រ្គាមទាំងនេះ បង្កឱ្យមានជនរងគ្រោះជាច្រើនបាត់បង់ជីវិត និងខ្លះទៀតបង្កទៅជាពិការភាព ដោយអ្នកខ្លះត្រូវពិការដៃ ឬជើងជាដើម ដែលធ្វើឱ្យគាត់ទាំងអស់នោះពិបាកក្នុងការធ្វើបម្លាស់ទី និងបំពេញការងារ ឬមុខរបរផ្សេងៗផងដែរ ។
ឯកឧត្តមបានបញ្ជាក់បន្តទៀតថា អង្គការICRC បានបង្កើតមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម ដើម្បីផលិតអវយវៈសិប្បនិម្មិតចែកជូនដោយឥតគិតថ្លៃដល់ជនរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនងាយរងគ្រោះផ្សេងទៀត ព្រមទាំងសេវាសង្គមផងដែរ ដែលជាអង្គការមួយមានវ័យចំណាស់ជាងគេ ក្នុងចំណោមអង្គការជាច្រើន ដែលបម្រើការងារក្នុងវិស័យស្ដារនេះ ដែលបានចាប់ដំណើរការតាំងពីចុងទស្សវត្សរ៍៧០ ។
ឯកឧត្តម ស៊ឹម សុធន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់សុខុមាលភាព និងសេវាស្ដារលទ្ធភាពពលកម្មជូនជនពិការ។ ឯកឧត្តមបានបន្តទៀតថា នៅកម្ពុជា អង្គការ ICRC បាននឹងកំពុងជួយគាំទ្រដល់មជ្ឈមណ្ឌលស្តារចំនួន២គឺមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ និង មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគខេត្តបាត់ដំបង។ ចំពោះមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាភូមិភាគខេត្តបាត់ដំបងនេះគឺបានគ្របដណ្តប់សេវាកម្មចំនួនប្រាំខេត្ត និងបានផ្តល់សេវាជាច្រើនដូចជា សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ បញ្ជូនជនពិការទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរកការងារឱ្យធ្វើការចូលរួមលេងកីឡា និងជំនួយជាសាច់ប្រាក់ដើម្បីបង្កើតអាជីវកម្មខ្នាតតូចជាដើម។
នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អង្គការICRCក្នុងការជួយដល់ជនពិការនៅក្នុងប្រទេសកម្ពុជា ៕

CATEGORIES
Share This