នគរបាលស្រុកសង្កែចុះអនុវត្តឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក គា សីហា

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះអនុវត្តឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ តាមដីកាបង្គាប់អោយនាំខ្លួន របស់លោក គា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់តំបង។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិនរា២ ឃុំនរា ស្រុកសង្កែ អនុវត្តតាមដីកាលេខ ៦២៤ របស់លោក គា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់តំបង តាមមាត្រា ១៨៩ ដល់មាត្រា ១៩៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

លោកអធិការបន្តថា ជនសង្ស័យត្រូវបាននាំខ្លួនឈ្មោះ ឡម កក្កដា ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ កើតនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង, ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនសង្ស័យក្រោយពីឃាត់ខ្លួនរហូតមកដល់ពេលនេះត្រូវបានផ្នែកជំនាញកំពុងរៀបចំចងក្រងឯកសារដើម្បីបញ្ជូនបន្តតាមនីតិវិធីច្បាប់។

CATEGORIES
Share This