ឯកឧត្តមសន្តិបណ្ឌិត សុខ​ ផល​ និង​ឯកឧត្តមឧកញ៉ា​ ភួ​ ពុយ​ ចុះពិនិត្យការប្រមូលទិញស្រូវពីប្រជាកសិករ

ខេត្តបាត់ដំបង! នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមសន្តិបណ្ឌិត សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយស្រុក​បាណន់​ និង​ ឯកឧត្តមឧកញ៉ា​ ភួ​ ពុយ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​​បាត់ដំបង ដោយមានការចូលរួមពីឯកឧត្ដម​ លោកជំទាវ​ ក្រុមការ​ងារស្រុក​ លោកអភិបាល​ស្រុក​ អាជ្ញាធរមូលដ្ឋានឃុំស្នឹង​
បានអញ្ជេីញចុះពិនិត្យជួបសំណេះសំណាល​ ជាមួយ​បងប្អូន​កសិករ​កំពុង​ប្រមូល​ផល​ស្រូវ​ ផ្ការំដួល​ និង​សែន​ក្រអូប​ នៅភូមិសំបួរមាស​ ឃុំស្នឹង​ ដេីម្បី​ត្រៀម​លក់ជូនក្រុមហ៊ុនបៃតង​ ភីអិលស៊ី។

នាឱកាសនោះដែរ ឯកឧត្ដម​សន្តិ​បណ្ឌិត​ សុខ​ ផល​ បាន​ធ្វើ​ការ​ថ្លែង​អំណរគុណ​ និង​កោតសរសើរ​ដល់​ ឯកឧត្ដម​ឧកញ៉ា​ ភួ​ ពុយ​ ដែលបានធ្វើ​ការ​សហការល្អប្រសេីរ​ជាមួយ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការជួយ​ទប់ស្កាត់ការធ្លាក់ចុះនៃ​តម្លៃ​ស្រូវ​ផ្ការំដួល​ និងជួយទទួលទិញពីកសិករ​ ក្នុង​ខេត្ត​បាត់ដំបង​ និង​បន្ទាយ​មានជ័យ​ ក្នុង​តម្លៃសមរម្យដែលកសិករកំពុងជួបប្រទះ​ ការច្រូតកាត់កកស្ទះ​ ខ្វះខាតទីផ្សារ​ និងឈ្មួញអោយតម្លៃទាបនាពេល​ថ្មី​ៗនេះ​ ដោយបានបញ្ជូនភ្នាក់ងារចុះជួយប្រមូលទិញក្នុងតម្លៃ​ ស្រូវ​ផ្ការំដួល​សេីម​ តាមប្រភេទលេខ១​ =១០៤០រៀល/គីឡូក្រាម​ ,លេខ២=​ ៩៧០រៀល ទៅ១០០០រៀល/គីឡូក្រាម​ , លេខ៣=​ ៩៥០រៀល ទៅ ៩៦០រៀល/គីឡូក្រាម។

ទន្ទឹមនឹងនេះ​ផងដែរ​ ឯកឧត្ដម​សន្តិ​បណ្ឌិត​ សុខ​ ផល​ ក៏សូមអរគុណដល់អង្គភាពជំនាញ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ដែល​បាន​ចូលរួម​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ និងស្នេីអោយបន្តជួយផ្តល់ព័ត៌មានដល់កសិករយេីង​ ដែលមិនទាន់ច្រូតកាត់​ ក្នុង​ឃុំ​ ឬឃុំនៅជាប់គ្នា​ ដេីម្បីបានជ្រាបពីការចុះមកជួយទិញពីក្រុមហ៊ុនបៃតង​ ភីអិលសុី​ ចៀសវាងការច្រូតស្រូវទាំងបង្ខំគ្មាននរណា​ទិញ​ និង​មានឈ្មួញខ្លះឆ្លៀតឱកាសបន្តទម្លាក់ថ្លៃ​ ហើយក៏បានអំពាវនាវដល់បងប្អូនកសិករយេីង​ ទាំងអស់ត្រូវផ្តល់ព័ត៌មាន​ ឬសាកសួរលោកមេភូមិ​ មេឃុំ​ មុន​ធ្វើ​ការ​ច្រូត​ស្រូវ​ ដេីម្បី​អោយដំណឹងដល់ក្រុមហ៊ុនចុះមកទិញ​ បញ្ចៀស​ការ​កកស្ទះ​ និង​ស្រូវថយគុណភាព​ ប៉ះពាល់​ដល់​តម្លៃ ព្រោះកន្លងមកនៅតំបន់នេះ​ ​មុនក្រុមហ៊ុន​ចុះមកទិញ​គឺប្រជាកសិករ​លក់ស្រូវ​ផ្ការំដួល​សេីម​អោយឈ្មួញបានតម្លៃត្រឹមតែ​ ៩០០រៀល ទៅ ៩៥០រៀល/គីឡូក្រាមប៉ុណ្ណោះ។

​ ក្នុងនោះដែរ ប្រជាកសិករក៏បាន​សំណូមពរ​ដល់​ ឯកឧត្តមសន្តិ​បណ្ឌិត​ សុខ​ ផល​ និង​ឯកឧត្ដម​ឧកញ៉ា​ ភួ​ ពុយ​ បន្តជួយទិញស្រូវ​រហូតដល់បញ្ចប់ការច្រូតកាត់​ និង​ ស្នេីអោយពិនិត្យលេីតម្លៃស្រូវសម្រាប់បណ្តារដូវក្រោយៗទៀត​ សូម​អោយលក់បានថ្លៃ​ ដេីម្បី​ទទួលបានប្រាក់ចំណេញច្រេីន​ ទប់ទល់និងការចំណាយ​លេីធាតុចូលឬថ្លៃដេីមផលិត​ និងស្នេីអោយអ្នក​កាន់ម៉ាសុីនច្រូត​ កុំតម្លេីងថ្លៃ​ ទៅតាមស្រែជិត​ ស្រែ​ឆ្ងាយ​ ឬ​ អាកាសធាតុ។

​ ជាមួយគ្នានេះឯកឧត្ដម​ឧកញ៉ា​ ភួ​ ពុយ​ បានសំណូមពរ​ ដល់បង​ប្អូន​កសិករ​ នៅគ្រប់​តំបន់​ គួរតែរៀបចំអោយមានជាក្រុម​ ឬសហគមន៌ផលិតស្រូវ​ ដេីម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ ការ​ប្រមូល​ផលស្រូវ​ តម្លៃ​ទីផ្សារ​ស្រូវ​ ទប់ស្កាត់បាននូវការកកស្ទះ​រដូវ​ច្រូតកាត់​ ងាយស្រួល​ក្នុង​ការចាត់ចែង​ ពេល​វេលា​ច្រូតកាត់​ -ម៉ាស៊ីន​ច្រូត​ និង​គ្រប់គ្រង​បាន​នូវ​តម្លៃណាមួយសរម្យដែលកសិករពេញចិត្ត​ កាត់បន្ថយបានឈ្មួញ​ ឆ្លៀតឱកាស​ បំប៉ោងព័ត៌មាន​ ធ្វើ​អោយកសិករជ្រួលច្របល់ប្រញាប់ច្រូតកាត់​ ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់គុណភាព​ ឬតម្លៃស្រូវ។

CATEGORIES
Share This