សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំ១៤ មន្ត្រីក្រុមប្រតិបត្តិសាខាសរុប២៧នាក់ស្រី៤នាក់ ។

កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវរៈសំខាន់ៗ មួយចំនួនរួមមាន ៖ ១-ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ។ ២-ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ។ ៣-ការងារផ្សេងៗ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីលទ្ធផលការងារដែលបានសម្រេចប្រចាំឆ្នាំ២០២២ រួចមក ឯកឧត្តម សុខ លូ បានមានប្រសាសន៍ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ  អនុសាខាដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព និងសម្រេចបានលទ្ធផល គួរឱ្យកត់សំគាល់ ។

ឯកឧត្តម បានមានប្រសាសន៍ណែនាំ អំពីវិធានការមួយចំនួនជាអាទិ៍ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព  ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយកើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរ   ហើយក៏សំណូមពរដល់សមាជិក សមាជិកាទាំងអស់ មេត្តាពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិយោបល់ បំពេញបន្ថែមកែសម្រួលរាល់ខ្លឹមសារ និងសកម្មភាពមួយចំនួនទៀត ដែលនៅខ្វះចន្លោះ ដើម្បីដាក់បញ្ចូលក្នុងគោលបំណង ធ្វើឲ្យរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣នេះ មានភាពត្រឹមត្រូវច្បាស់លាស់ និងតម្លាភាព ។

ទន្ទឹមនឹងនេះ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាតនានា ទាំងជំងឺគ្រុនឈីក គ្រុនឈាម រួមទាំងជំងឺកូវីដ-១៩  តាមមូលដ្ឋាន ភូមិ ឃុំ ស្រុក និងគ្រឹះស្ថានសិក្សានានា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ឱ្យកាន់តែទូលំទូលាយ អំពីសកម្មភាព បេសកកម្ម ដែលសាខាកំពុងអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយអប់រំបញ្ហានានា ដែលកើតមាននៅក្នុងសង្គម  ព្រោះសាខាកាកបាទក្រហមកម្ពុជា មិនត្រូវតែរួមចំណែកក្នុងការងារមនុស្សធម៌តែមួយមុខទេ តែការងារសង្គមការផ្សព្វផ្សាយ ក៏ជាភារកិច្ចចាំបាច់របស់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងខេត្តមានការយល់ដឹងកាន់តែទូលំទូលាយផងដែរ ។

ឯកឧត្តមប្រធាន ក៏បានសំណូមពរ និង ក្រើនរំឭកដល់មន្រី្តប្រតិបត្តិសាខា អនុសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរនិងសកម្មផុលផុស និងប្រមូលផ្តុំកម្លាំងមនុស្សធម៌ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន ៖ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ។ ២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ។ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ។ ៤-ការអភិវឌ្ឍស្ថាប័ន ។ ម៉្យាងវិញទៀត ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋាន ដូចជា អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ៕


ដោយ ៖ សាលី

CATEGORIES
Share This