អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយ សូរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងពលរដ្ឋជួបការលំបាក ៤០២គ្រួសារ
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកា ២០២២ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនពុកម៉ែបងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនតំបន់ការ៉េពីរ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ចំនួន២៥២គ្រួសារ និង ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ក្នុងស្រុកថ្មពួក ១៥០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ ។
ឯកឧត្តម បានបញ្ជាក់ជូន ដល់អាជ្ញាធរភូមិឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូន ឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ ឲ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនបាន ត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត ។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ ជូនពរឲ្យពុកម៉ែបងប្អូនមានសុខភាពល្អ ហើយបើមានអ្វីកើតឡើងជាយថាហេតុ បញ្ហាខ្វះខាត ជួបទុក្ខលំបាកសូមរាយការណ៍ ឬផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង លោកមេភូមិ ដើម្បីផ្តល់ជំនួយបានទាន់ពេលវេលា និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានកូនគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមជម្រុញឲ្យចុះឈ្មោះបោះឆ្នោតឲកយបានគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា អំណោយសួរសុខទុក្ខ ដែលត្រូវបានប្រគល់ជូន រួមមាន ៖ អង្ករ ២៥, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ត្រីខ១យួរ, មី១កេស ៕