នគរបាលស្រុកសង្កែឃាត់ខ្លួនបុរសម្នាក់ក្រោយយកពូថៅកាប់បំផ្លាញទៅលើរថយន្ត០១គ្រឿងខូចខាតយ៉ាងដំណំ
ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយយកពូថៅកាប់បំផ្លាញទៅលើរថយន្តអ្នកដទៃ០១គ្រឿងបណ្តាលអោយខូចខាតយ៉ាងដំណំ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ខាន់ ពិសិទ្ធ ហៅទូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅចំណុចភូមិឃុំខាងលើ។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង២០និង១០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យខាងលើបន្ទាប់ពីផឹកស្រាស្រវឹងរួចបានយកពូថៅកាប់បំផ្លាញទៅលើរថយន្ត០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ញ៉ិល វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុម ១០ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឱ្យរថយន្ដខូចខាតដូចជា៖
-កញ្ចក់ទ្វារថយន្តចំហៀងខាងឆ្វេងចំនួន០១ផ្ទាំង
-កញ្ចក់ពីមុខរថយន្ដចំនួន០១ផ្ទាំង
-ដំបូលរថយន្តខាងមុខ ចំហៀងខាងឆ្វេងខូចខាតជាច្រើនកន្លែងផងដែរ។
លោកអធិការដដែលបានបញ្ជាក់ថា នៅក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ពីករណីនេះហេីយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌផងនោះ លោកបានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តតាមិម ចុះស្រាវជ្រាវស៊ើបអង្កេតរហូតបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យតែម្តង។
ក្រោយពេលធ្វើកំណត់ហេតុស្ដាប់ចម្លើយរួចជនសង្ស័យឈ្មោះ ខាន់ ពិសិទ្ធ ហៅទូបានឆ្លើយសារភាពថារូបគេពិតជាបានយកពូថៅកាប់បំផ្លាញទៅលើរថយន្តបណ្ដាលឱ្យខូចខាតពិតប្រាកដមែនព្រោះតែស្រវឹងស្រា បន្ទាប់មកនគរបាលស្រុកបាននិងកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕