អាជីវករផ្សាររោងក្លឿ ផ្ទុះការតវ៉ាសុំឱ្យកុងស៊ុលកម្ពុជា ជួយអន្ដរាគមន៍ ខណៈសមត្ថកិច្ចថៃរឹតបន្តឹង លើការចេញចូលប្រទេស របស់ក្មេងៗ សិស្សសាលា

បន្ទាយមានជ័យ ៖ អាជីវករខ្មែរក្នុងផ្សាររោងក្លឿ ប្រទេសថៃ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាតវ៉ាទៅមុខកុងស៊ុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ សូមអោយជួយសម្របសម្រួល ដល់មន្ត្រីអន្តោប្រវេសន៍ថៃ ដែលបានរិតបន្តឹង ចំពោះការចេញចូលរបស់សិស្សានុសិស្ស ឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយតម្រូវអោយមានអាណាព្យាបាលជូនចេញ ដោយសូមអោយចេញចូលដូចធម្មតាវិញ ។

ការរិតបន្តឹងរបស់សមត្ថកិច្ចថៃនេះ បានធ្វើអោយមានការកកស្ទះ និងមានការខកខាន សម្រាប់ការសិក្សារបស់សិស្សានុសិស្សមួយរយៈ ។

ជុំវិញករណីនេះ មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជាប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ពិតជាមានរឿងរិតបណ្តឹង លើសិស្សសាលា ពីសំណាក់សមត្ថកិច្ចថៃពិតមែន ដោយខាងថៃ តម្រូវអោយអាណាព្យាបាលសិស្ស ដែលត្រូវចេញមករៀននៅខាងដីខ្មែរ ត្រូវជូនកូនឆ្លងច្រកជៀសវាងក្រែង មានបញ្ហាកើតឡើងលើក្មេង ហើយចោទលើសមត្ថកិច្ច ព្រោះថាបច្ចុប្បន្នមានខាងរទះ ដឹកក្មេងចេញចូល ។

សមត្ថកិច្ចបានអោយដឹងទៀតថា តាមការអោយដឹងពីលោក នេត សេរី កុងស៊ុលកម្ពុជាប្រចាំស្រុកអារញ្ញ បានបញ្ជក់ថា ករណីអាជីវករតវ៉ា គឺ ដំបូងគាត់ចោទថា ខាងខ្មែរជាអ្នករិតបន្តឹង តែតាមលោកចុះពិនិត្យស្រាជ្រាវ គឺ ខាងថៃ ជាអ្នករិតបន្តឹង ចំណែកខាងកម្ពុជាតែងសម្របសម្រួល អោយពួកគាត់បានចេញចូលស្រួល និងលឿន ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខាងលោកនឹងខិតខំព្យាយាម សម្របសម្រួលជូនពួកគាត់ បានកូនៗចេញចូលដូចមុន ។

ដោយឡែកបើតាមលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន  នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានអោយដឹងកាលពីកន្លងមក ក្នុងមួយថ្ងៃៗ មានក្មេងៗ ជាសិស្សសាលាខ្មែរ និងថៃ ដែលជាកូនអាជីវករខ្មែរ លក់ដូរនៅផ្សាររោក្លឿ នៃទឹកដីថៃ ជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងកូនពលរដ្ឋខ្មែរនៅក្រុងប៉ោយប៉ែត ចេញចូលទៅរៀននៅសាលាថៃជាង៣០០នាក់ មានទាំងរៀននៅសាលារដ្ឋ និងឯកជនចាប់ពីអាយុចាប់៦ឆ្នាំឡើង ។ ក្នុងនោះចំពោះកូនសិស្សខ្មែរ ដែលទៅរៀននៅខាងសាលាថៃ នៃទឹកដីថៃ មានតិចតួច តែបើចូលមករៀននៅតាមសាលារដ្ឋ និងឯកជននៅក្រុងប៉ោយប៉ែត មានពី២៧០នាក់ ទៅ៣០០នាក់ ។ពួកគាត់ជាសិស្សចេញចូល ត្រូវបានខាងលោក ធ្វើការសម្របសម្រួលជាមួយនគរបាលអន្តោប្រវេសន៍ថៃ បង្កលក្ខណៈងាយស្រួល ក្នុងការឆ្លងដែនចេញចូល ធ្វើយ៉ាងណា អោយពួកគាត់បានទៅរៀនទាន់ពេល ។

សម្រាប់ឯកសារ ដែលពួកគាត់ត្រូវប្រើកន្លងមក គឺ មានប័ណ្ណព្រំដែន និងកាត់ឈ្មោះពីសាលា ដែលគាត់រៀនភ្ជាប់ជាមួយកាតចាក់វ៉ាក់សាំងកូវិដ១៩ ។ ប័ណ្ណព្រំដែនខ្លះ គឺ គាត់ប្រើជាមួយប័ណ្ណព្រំដែនរបស់អាណាព្យាបាល សម្រាប់អាយុក្រោម១១ឆ្នាំ ដោយឡែកចំពោះក្មេងជាសិស្សសាលាចាប់ពី១១ឡើង តម្រូវអោយប្រើប័ណ្ណព្រំដែនផ្ទាល់ខ្លួន ហើយសុទ្ធតែត្រូវបានសម្រួលវ៉ៃត្រាចេញចូលយ៉ាងលឿន ។

ដោយមានការយកចិត្តទុកដាក់ លើក្មួយៗជាសិស្ស ដែលត្រូវឆ្លងដែនទៅរៀន នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ទាំងពីរកម្ពុជា និងថៃ បានសហការគ្នាប្រជុំរកដំណោះស្រាយមួយ ផ្តល់ភាពកាន់តែងាយស្រួល ជូនដល់ពួកគាត់ ជាសិស្សសាលាបន្ថែមទៀត ។ ក្នុងនោះ បើមានការឯកភាព នឹងធ្វើកាតថ្មី បិទលើប័ណ្ណព្រំដែនដល់សិស្សសាលា ដែលចេញចូលទាំងអស់ ដោយកាតនេះ យើងតម្រូវក្នុងមួយសប្តាហ៍ ប្រថាប់ត្រាម្តង ៕

CATEGORIES
Share This