ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជាមួយថ្នាំញៀនជាច្រើនកញ្ចប់

បន្ទាយមានជ័យ​ ៖ ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងដកហូត បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅយប់ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ វេលាម៉ោង០០និង៣០នាទី កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមៗនោះកម្លាំងក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះធ្វើប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យម្នាក់​ ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងធ្វើការឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន០៤កូនថង់កិប ទម្ងន់១១,៦៨ក្រាម,​ ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០៥គ្រាប់ ទម្ងន់២,២៦ក្រាម,​ ម្សៅម៉ត់កញ្ចប់ពណ៌ក្រហម(រូបសេះ)ចំនួន០២កញ្ចប់ ទម្ងន់៣៦,៣៦ក្រាម,​ ម្សៅម៉ត់កញ្ចប់ពណ៌ខៀវ(រូបផ្លែទំពាំងបាយជូរ)ចំនួន ០៣កញ្ចប់ ទម្ងន់២២,៥៧ក្រាម,​ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 12pro.max ពណ៌ប្រផេះ ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាម ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

CATEGORIES
Share This