មានអ្នកចូលទស្សនាពិធីប្រណាំងទូកក្រុងតាខ្មៅជាង ២០ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ
កណ្ដាល៖ ក្នុងរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែតុលា នៃពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរព្រះជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលបានបញ្ចប់ទៅកាលពីយប់ម្សិលមិញនេះ គឺទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមទស្សនាប្រមាណជាង ២០ម៉ឺននាក់ ។
លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែតុលានេះថា ពិធីប្រណាំងទូកក្រុងតាខ្មៅ នៅថ្ងៃទី១ គឺទទួលពលរដ្ឋចូលទស្សនាប្រមាណជិត ១០ម៉ឺននាក់ ហើយថ្ងៃទី២ គឺកើនជាង ១០ម៉ឺននាក់។ មិនតែប៉ុណ្ណោះ លោកថា នៅមានពលរដ្ឋជាច្រើនទៀត ចង់ទៅទស្សនាការប្រណាំងទូកនោះដោយផ្ទាល់ដែរ ប៉ុន្តែដោយសារបរិវេណសួនច្បារក្រុងតាខ្មៅមានទំហំផ្ទៃដីតូច និងមានភាពចង្អៀតណែនមនុស្សចូលទស្សនា គឺបានជំរុញឲ្យគេទស្សនាតាមការឡាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានាទៀត។
ពលរដ្ឋដែលបានចូលទស្សនាពិធីប្រណាំងទូកក្រុងតាខ្មៅនោះ បានថ្លែងថា នៅថ្ងៃចុងក្រោយពិធីប្រណាំងទូកក្រុងតាខ្មៅ ពួកគេកត់សម្គាល់ឃើញថា មានមនុស្សចូលរួមទស្សនាច្រើនកុះករនិងមានភាពសប្បាយរីករាយជាមួយនឹងកីឡាករ កីឡាការនីខិតខំអុំទូកដើម្បីយកឈ្នះគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា ក្រៅពីទស្សនាការប្រណាំងទូក ពលរដ្ឋទាំងអស់អស់គ្នាក៏បានចូលរួមទស្សនាកម្មវិធីបាញ់កាំជ្រួច បណ្តែតប្រទីប និងទស្សនាតង់តាំងពិព័រណ៍ទំនិញគ្រប់ប្រភេទ ជាពិសេសការចូលភ្លក់ពិសារអាហារឆ្ងាញ់ៗនានាជាច្រើនមុខនៅតាមស្តង់តាំងពិព័រណ៍៕