ឯកឧត្តម កែ គឹម យ៉ាន និងលោកជំទាវ ប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តសុវណ្ណបព្វតា ខ្លាកូនចាស់

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តសុវណ្ណបព្វតា ខ្លាកូនចាស់ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្បូនអង្គកឋិនទាន ត្រូវបានដង្ហែនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោកលោកស្រីប្រតិភូអមដំណើរ មន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនរូបផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានប្រគេននូវចតុបច្ច័យដល់ព្រះសង្ឃគ្រប់អង់១០ម៉ឺនរៀល ប្រគេនបច្ច័យកសាងដែលបានពីអង្គកឋិនទានសាមគ្គី ចំនួន ៦២១.៤០០.០០០ លានរៀល ហើយបច្ច័យទាំងនេះ ត្រូវបានបែងចែកប្រគេនដល់វត្តដទៃទៀត ចំនួន១២វត្ត ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ក៏បានចូលរួមចាប់កុសលផលបុណ្យកឋិនទានសាមគ្គីនេះចំនួន១៦.០០០.០០០លានរៀល និងចាត់តាំងកម្លាំងនគរបាលក្រោមឱវាទ ចុះសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ មន្តី្ររាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ពុទ្ធបរិស័ទដែលអញ្ជើញមកចូលរួមបុណ្យកឋិនទានសាមគ្គីនេះផងដែរ ៕

CATEGORIES
Share This