មន្ទីរសាធារណការចុះអនុវត្តជួសជុលផ្លូវក្នុងក្រុងដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង
ខេត្តបាត់ដំបង! ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះអនុវត្តជួសជុលកែលំអផ្លូវក្នុងក្រុងឡើងវិញដើម្បីសម្រួលដល់ការធ្វេីដំណេីរទៅមករបស់បងប្អូនប្រជាពលរដ្ឋក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀងខណៈផ្លូវមួយចំនួនបានជួសជុលរួចរាល់ជាបន្តបន្ទាប់។
ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះថា ក្រោមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្តដើម្បីអោយខាងមន្ទីរជួយធ្វើការស្តារជួសជុលផ្លូវសំបុកមាន់ជាច្រើនខ្សែឡើងវិញនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ។
ក្រោយទទួលបានការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្តដើម្បីអោយខាងមន្ទីរជួយ ភ្លាមនោះឯកឧត្តមប្រធានក៏បានចាត់អោយក្រុមការងារជំនាញនាំយកគ្រឿងចក្រចុះអនុវត្តជីកកាយជ្រួយយកដីស្រុតប្រេះចេញរួចដាក់ថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក និងលុបដំបុកមាន់ដើម្បីស្រោចកៅស៊ូ(DBST)ឡើងវិញ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅអមតាមដងផ្លូវក៏សូមថ្លែងអំណរអរគុណចំពោះអាជ្ញាធរ និងក្រុមការងារ ពិសេសឯកឧត្ដម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងដែលបានចាត់អោយក្រុមការងារចុះជួយជួសជុលស្ថាបនាឡេីងវិញភ្លាមៗ ខណៈដែលផ្លូវទាំងនេះរងការខូចខាតសំបុកមាន់បន្ទាប់ ពីមានជំនន់ទឹកភ្លៀងធ្វើអោយជន់លិចពិបាកធ្វើដំណើរ និងពិបាករកស៊ីលក់ដូរផងដែរ។