អគ្គិភ័យលេបត្របាក់ ផ្ទះ០១ខ្នងទាំងស្រុង រួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ

បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង រួមជានិងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោង ០៣និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា ករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យ ឆេះផ្ទះ០១ខ្នងទាំងស្រុងដែលមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ឃុត ឈៀប ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

សម្ភារខូចខាតរួមមាន ៖ ឆេះផ្ទះ០១ខ្នងទាំងស្រុង, ឆេះម៉ាស៊ីនបូមទឹក ០៣គ្រឿង, ឆេះម៉ាស៊ីនដេរ ០២គ្រឿង, ឆេះកង់គោយន្ត ០២គ្រាប់, ឆេះឯកសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ, ឆេះខ្សែកផ្លាកទីនទម្ងន់០៥ជី , ចិញ្ចៀន០១វង់ ទម្ងន់០១ជី, ឆេះប្រាក់ខ្មែរអស់ចំនួន ២,០០០,០០០(ពីរលានរៀល), ឆេះប្រាក់ដុល្លារអស់ចំនួន ៦,០០០ ដុល្លារ(ប្រាំមួយពាន់ដុល្លារ) និងសម្ភារសំខាន់ៗ ក្នុងផ្ទះមួយចំនួនទៀតឆេះទាំងស្រុងផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជំវិញករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចយើងមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះជួយពន្លត់នោះទេ ដោយសារមិនទទួលបានពត៌មាន ហើយក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរទើបដឹងថា ករណីអគ្គិភ័យខាងលើនេះ គឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

ដោយ ៖ សាលី

CATEGORIES
Share This