កាត់ផ្ទៃដីជាង១ម៉ឺនហិកតា នៃស្រុកសំឡូត និងស្រុកកំរៀងខេត្តបាត់ដំបង អោយស្ថិតនៅក្រោមរដ្ឋបាលខេត្តប៉ៃលិន
(ប៉ៃលិន)៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារ លើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២បានឯកភាពគ្នា កាត់ដីជាង១ម៉ឺនហិកតា នៃផ្នែកខ្លះនៃស្រុកកំរៀង និងស្រុកសំឡូត ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តប៉ៃលិនវិញ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យអ្នកយកព័ត៌មានដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលា នេះថា៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង រដ្ឋបាលនៃខេត្តទាំងពីរ បានឯកភាពគ្នា កាត់ផ្ទៃដីជាង១ម៉ឺនហិកតា មកឲ្យរដ្ឋបាលខេត្តប៉ៃលិន ជាអ្នកគ្រប់គ្រង់វិញ ។ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិន បានស្នើសុំកែសម្រួល ទី១.ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១,៣៧៦ហិកតា ។ទី២. ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣,៦១៨ហិកតា និងទី៣. ស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតាផងដែរ។
លោកស្រី បាន ស្រីមុំ ក៍បានបញ្ជាក់ដែរថា៖ ការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន របស់ខ្លួននីមួយៗ ហើយចំពោះនីតិវិធី នៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ លោកស្រី អភិបាលខេត្តប៉ៃលិន ក៍បានបន្ថែមថា៖ បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ក៍ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋផងដែរ៕