កញ្ញា ​សាន់ កេសី ​ធ្លាប់​រស់​នៅក្នុងមណ្ឌលកុមារកំព្រា ​រយៈពេល១១ឆ្នាំ ឥឡូវ​ត្រូវ​បាន​ចូលរួម​ប្រកួត​ក្នុងកម្មវិធី ​Missgrand Cambodia

117

កំពង់ឆ្នាំង ៖ ​ពី​ជីវិតក្មេងស្រីកំព្រា ម្នាក់តាំងពីអាយុ ៦ ឆ្នាំ ​កញ្ញា​ មានបងប្អូន៧នាក់ ហើយ​ជា​កូនពៅគេ​ ធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ​អស់រយៈពេល១១ឆ្នាំ ​កញ្ញា សាន់ កេសី ​បានប្រឡងជាប់បាក់ឌុប​ នៅឆ្នាំ ​២០១៨ ​ និទ្ទេសC ហើយបានបន្តដំណើរទៅរៀន​​នៅ​វិទ្យាស្ថានមួយ ក្នុងទីក្រុងភ្នំពេញ (វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ​ជានិស្សិតផ្នែក ស្ថាបត្យកម្ម ឆ្នាំទី៣)។

កញ្ញា សាន់ កេសី បានបញ្ជាក់ថា នាងទៅរៀននៅទីក្រុងភ្នំពេញ មានការជួយ​ឧបត្ថម្ភ ដោយ ​«អង្គការមូល និធិទឹកស្អាត»​ ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង ​បានជួយ​ឧបត្ថម្ភ​ថវិកា​ក្នុងការ​រៀនសូត្រ ​រហូតមកដល់ឆ្នាំទីបី នេះ រួម​ជាមួយ ​និង​មិត្តភ័ក្ត​របស់​នាង​ម្នាក់ទៀត។

កញ្ញា សាន់ កេសី ធ្លាប់​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​ថា​ នាង និងខិតខំតស៊ូ នឹងធ្វើការកែប្រែ​​ជីវិត​របស់​នាងពីក្មេងស្រីកំព្រា ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា និងធ្វើ​អោយថ្ងៃណាមួយ​ទទួលបាន​ជោគជ័យ នៃជីវិតមិនខានឡើយ​ ។

នៅ​រាល់កម្មវិធីថ្នាក់ជាតិ របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង​ យើងតែងតែឃើញ ​កញ្ញា​ចូលរួមក្នុង​សម្តែង របាំថ្វាយព្រះពរ​ ក្នុងកម្មវិធីធំ របស់ថ្នាក់ដឹកនាំក្នុងខេត្តផងដែរ។

យោងតាមហ្វេសប៊ុកផ្ទាល់ខ្លួន ​ឈ្មោះ សាន់ កេសី បានរៀបរាប់ថា” ​ពីមុននាងខ្ញុំរស់នៅ​​ក្នុង​មណ្ឌល​កុមារ​​កំព្រាដូចពួកប្អូន​ បែបនេះ អស់រយះពេល១១ឆ្នាំ នាងខ្ញុំទទួលបានចំណេះដឹងជា​ច្រើន​សម្រាប់ជីវិត​ ពីលោកគ្រូអ្នកគ្រូអប់រំមើល​ថែ ។ ​តែពេលនេះ នាងខ្ញុំមានឱកាសចូលរួមប្រលងកម្មវិធី Miss grand Cambodia ហើយ​បានទៅសួរសុខទុកប្អូនៗកុមារកំព្រានៅខេត្តកំពង់ស្ពឺ ទៀត នាងខ្ញុំ​ពិតជាសប្បាយចិត្ត និង រំភើបចិត្តយ៉ាងក្រៃលែង​ ដែលបានជួបប្អូនៗ ឆ្លាតៗ ណាស់ ហើយ​គួរ​អោយស្រលាញ់​ ដូចនាងខ្ញុំ កាលពីកុមារភាពណាស់។

សូមមិត្តភក្តិ បងប្អូន លោកគ្រូអ្នកគ្រូទាំងអស់ជួយគាំទ្រ ​ជួយស៊ែរ ដល់រូបនាងខ្ញុំអោយ​បាន​ទៅ​វគ្គបន្តផង ​នាងខ្ញុំ​ នឹងខំប្រឹងអោយអស់ពី​សមត្ថភាព នឹងធ្វើអោយបានល្អមិន​​អោយ​បងប្អូន​ខក​បំណងទេ បញ្ជាក់ ៖ នាងខ្ញុំ ឈ្មោះ សាន់​ កេសី (G11)។

សូមរំលឹកថា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ ​បេក្ខនារីទាំងអស់នៃកម្មវិធីប្រកួត Miss Grand Cambodia 2019 ​បានធ្វើដំណើរចុះសាកសួរសុខទុក្ខ ប្អូនៗកុមារ ​និងយុវជនយុវតី នៃអង្គការក្តីសង្ឃឹមថ្មី នៃកុមារកម្ពុជា New Hope For Cambodian Children Organization ដែល​មានទីតាំង​ស្ថិតក្នុងខេត្តកំពង់ស្ពឺ ៕

ចំណែក