អគារ​សម្ភព​រោគ​ស្ត្រី​​​ ​មាន​១៧បន្ទប់​​ ចំណាយ​ថវិកា​ជាង​១៥ម៉ឺនដុល្លារ ​ម្ចាស់​ជំនួយ​សាធារណរដ្ឋ​ឆែក​​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​

97

កំពង់ឆ្នាំង ៖ អគារ​ទំហំ​៣៨​ម៉ែត្រ​គុណ​និង​២៣​ម៉ែត្រ ​មាន​ចំនួន​១៧​ បន្ទប់​ ​​បំពាក់​គ្រឿង​​បរិក្ខារ​ចំនួន​១៦​មុខ​ និង​បន្ទប់​​អនាម័យ​​ចំនួន​២​​ ​ចំណាយ​ថវិកា ​សរុប​ចំនួន​​ ១៥០.៨០២​ដុល្លា​រ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​​ ​កាលពី​ថ្ងៃទី​០១ ខែ​សីហា​២០១៩​ម្សិលមិញ​ នៅក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក (Mr. Vlastimil TESAR ) ជា​ភារៈធារី​ ស្ដីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​ឆែក​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​លោក ​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ​លោក​មែន​ហ្វ្រិ​ត ស្តា​អាប ​នាយក​បេសកកម្ម​អង្គការ ការី​តាស់​ឆែក ​និង​គណៈអធិបតី ភ្ញៀវកិត្តិយស​ជាតិ​អន្តរជាតិ​សមាជិក​សមាជិកា​បុគ្គលិក​មន្ទីរ​សុខាភិបាល​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​អញ្ជើញ​ចូលរួម​ផងដែរ​។

លោក​វេជ្ជ​បណ្ឌិត ប្រាក់​វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង ​បានលើកឡើង​ថា គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​សេវា​ថែទាំ​សុខភាព​មាតា​ និង​ទារក​គឺ​មាន​សារៈសំខាន់​ណាស់​ប្រជាពលរដ្ឋ​ នឹង​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព​ខ្ពស់​ និង​មាន​សុវត្ថិភាព​និង​មាន​ការ​ពេញចិត្ត​ដោយមាន​បរិស្ថាន​ការងារ​ល្អ ​ ជួយ​ពង្រីក​កន្លែង​ដើម្បី​ផ្ដល់​សេវា​ជាពិសេស​ទាក់ទង​នឹង​ការគ្រប់គ្រង​ការ​ចម្លង​រោគ​អនាម័យ ​ទឹកស្អាត ​និង​ការគ្រប់គ្រង​កាកសំណល់​វេជ្ជសាស្ត្រ​ជាដើម។ ក្នុងនោះដែរ ​​លោក​ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ ទាំងអស់ ចំពោះ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​កន្លងមក ។ លោក​សង្ឃឹមថា ​នឹង​បន្ត​សម្រេច​នូវ​លទ្ធផល​ដ៏​ល្អ​បំផុត​នៃ​គម្រោង​ជា​បន្តទៀត ​តាំង​នាម​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល ​និង​បុគ្គលិក​មន្ត្រីរាជការ ​សូម​ថ្លែងអំណរគុណ​ជាពិសេស​ដល់​ម្ចាស់​ជំនួយ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សាធារណរដ្ឋ​ឆែក​ អង្គការ​ការី​តាស់ ​សាធារណរដ្ឋ​ឆែក​ និង​អង្គការ​ការី​តាស់ ​ កម្ពុជា​សម្រាប់​ការ​គាំទ្រ​នូវ​គម្រោង​ដ៏​ថ្លៃថ្លា​នេះ​។

សម្រាប់​ លោក​ឈួ ​ច័ន្ទឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ និង​ប្រជាជនឆែក ​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក​ ដែល​បាន​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដល់​គម្រោង​សាងសង់ ​និង​បំពាក់​បរិក្ខារ​ពេទ្យ ​ដល់​មន្ទីរសម្ភព​ និង​រោគ​ស្ត្រី​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ​ ដោយ​អនុវត្ត​គម្រោង ​ដោយ​អង្គការ​ការី​តាស់ ​កម្ពុជា ​ហើយ​បាន​ចំណាយ​នូវ​ថវិកា​ដ៏​សន្ធឹកសន្ធាប់​នេះ ​ ​។ ឯកឧត្តម​ សូម​ថ្លែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​ថ្មី ​សម្រាប់​ខេត្ត​កំពង់ឆ្នាំង ក្នុង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការថែទាំ​សុខ​សភាព​ មាតា​ទារក ​​ដោយ​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​។

សូមបញ្ជាក់ ​ផងដែរ​ថា អគា​រ​សម្ភព​ និង​រោគ​ស្ត្រី​ខាង​លើនេះ ​ត្រូវបាន​ធ្វើ​ការកែលម្អ​ និង​បំពាក់​គ្រឿង​បរិក្ខារ​ថ្មីៗ​ បន្ថែម ​ក្រោម​ការ​ឧបត្ថម្ភ ថវិការ​ពីសាធារណរដ្ឋ​ ឆែក ​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក​និង ​អនុវត្តន៍​គម្រោង​ដោយ​អង្គការ​ការី​តាស់​ សាធារណៈ​ឆែក​ ជាមួយ​ការី​តាស់កម្ពុជា ​បាន​​ចាប់ផ្ដើម​ជួសជុល​ ចាប់​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ ​២០១៨ ​និង​បញ្ចប់​ជា​ស្ថាពរ ​នៅ​ថ្ងៃទី​៣០​ ខែមិថុនា​២០១៩ កន្លងមក​ ៕


ចំណែក