Connect with us

ព័ត៌មានជាតិ

លោកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យព្រះមុនីវង្ស ចំនួន៥១នាក់ទទួលបានវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពីការងារស្ម័គ្រចិត្តនិងវិជ្ជាសង្គ្រោះបឋម

ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តំណាងលោកនាយកសាខា ដោយមានការចូលរួមពីលោក អេង ភិរុណ នាយកវិទ្យាល័យ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យព្រះមុនីវង្ស បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពីការងារស្ម័គ្រចិត្ត ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ដែលជ្រើសរើសថ្មីចំនួន៥១នាក់ (ស្រី២៤នាក់)នៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ។

មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាមឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក យ៉ាន ឧត្តម បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា ប្អូនៗយុវជនទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសនាមរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ។

លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺមិនត្រឹមតែផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ បណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ប្អូនៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ប៉ុណ្ណោះទេ តែជាការពង្រឹង និងពង្រីកកម្លាំងចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាយ៉ាងសំខាន់ ហើយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ការជ្រើសរើសយុវជនកាបាទក្រហមគឺមិនត្រូវគិតពីបរិមាណប៉ុណ្ណោះទេគឺត្រូវគិតពីគុណភាពផងដែរ ហើយការជ្រើសរើសទៀតសោតត្រូវជ្រើសរើសយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ចេះស្តាប់ដំបូន្មានឪពុកម្តាយ លោគ្រូ អ្នកគ្រូ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវវិន័យ ក្រមសីលធម៌ គុណធម៌ ចេះជួយធុរៈមិត្តភ័ក្រ ជនទីទ័លក្រ ចាស់ជរា ក៏ដូចចូលរួមក្នុងសកម្មភាពសង្គមមានដូចជា ការដាំដើមឈើ ផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ការអប់រំច្បាប់ចរាចរណ៍ និងអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនជាដើម។

សម្រាប់មេរៀនដែលបានលើកយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនាបដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិធីសាស្រ្តក្នុងការផ្សព្វផ្សាយ
៦. វិជ្ជាសង្គ្រោះបឋម ។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរយ:ពេល១ថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត មានសង្ឃឹមនិងជឿជាក់ថាយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តដល់សិស្សានុសិស្ស មិត្តអប់រំមិត្ត ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់សេវាកម្មមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗផងដែរ។