Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំងលោក កែវ តារារស្មី ជាអភិបាលស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីប្រកាសតែងតាំងលោក កែវ តារារស្មី ជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់អស់លោកអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀតផងដែរ ។

ក្រោយទទួលបានមុខតំណែងថ្មី លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានធ្វើការប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី និងអង្គពិធី ៖ ១-អនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តជាធរមាន ។ ២-អនុវត្តស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឲ្យមានប្រសិទ្ធភាពខ្អស់ ។ ៣-គាំទ្រ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធី គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ ៤-បំពេញភារកិច្ច ដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធនានាឲ្យមានប្រសិទ្ធខ្ពស់ ។ ៥-គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំ ការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់លើ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាព ក្នុងរដ្ឋបាលស្រុក ។ ៦-ជម្រុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ៧-បន្តពង្រឹងការផ្តល់សេវា ជូនប្រជាពលរដ្ឋ ។ ៨-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ។

ក្នុងពិធីនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ចូលរួមអបអរសាទរចំពោះលោក កែវ តារារស្មី ដែលត្រូវបានប្រកាសតែងតាំង ពីអភិបាលរងក្រុងប៉ោយប៉ែត ទៅជាអភិបាលស្រុកអូរជ្រៅ ជំនួសលោក យឹម សំណាង អភិបាលស្រុកចាស់ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ក៏បានលើកឡើងពីប្រវត្តិការងារមួយចំនួនរបស់លោកអភិបាលស្រុកថ្មី ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរហូតមានថ្ងៃនេះ និងមានប្រសាសន៍ សង្ឃឹមថា លោកអភិបាលស្រុក នឹងប្រើប្រាស់នូវ ចំណេះដឹង និងជំនាញរបស់ខ្លួន គ្រប់គ្រងការងារ និងដឹកនាំមន្ត្រីថ្នាក់ក្រោម ធ្វើការដើម្បីសម្រេចបាននូវលទ្ធផលការងារល្អ ។ ជាពិសេស ត្រូវរួបរួមសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយមន្ត្រីពាក់ព័ន្ធ ធ្វើការងាររួមគ្នា ជៀសវាងមួយទៅលិចមួយទៅកើត ក្នុងគោលបំណង សម្រេចបានលទ្ធផលការងារល្អ ៕

ដោយ ៖ សម្បតិ្ត សីហា