កីឡា​គុន​ដាវ​កម្ពុជា ​ឈ្នះ​មេដាយមាស​កម្រិត​អាស៊ី​លើកដំបូង​ នៅ​ប្រទេស​សិង្ហ​បុរី​

194

​ភ្នំពេញ​៖ កីឡា​គុន​ដាវ​កម្ពុជា បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់ខ្លួន បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស ១ និង​មេដាយប្រាក់ ១ ក្នុងការ​ប្រកួត​ថ្ងៃ​ចុងក្រោយ នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ម្សិលមិញ ។​


​បើតាម​ការបញ្ជា​ក់លើ​បណ្ដាញ​សង្គម​របស់​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ឲ្យ​ដឹងថា ចំពោះ​មេដាយមាស កម្ពុជា​ទទួលបាន​ម្សិលមិញ គឺ​ដណ្ដើមបាន​លើ​វិញ្ញាសា​នារី​ដាវ​ធំ​ជា​ក្រុម ដែលមាន ៦​ក្រុម​ចូលរួម ខណៈ​មេដាយប្រាក់ ដណ្ដើមបាន​លើ​វិញ្ញាសា​នារី​ដាវ​កាប់​ជា​ក្រុម ដែលមាន ៧​ក្រុម​ចូលរួម ។​
​សហព័ន្ធ​បាន​បញ្ជាក់ថា នេះ​គឺជា​មេដាយមាស​ទី​១ របស់ខ្លួន ដែល​ដណ្ដើមបាន​ពី​ការប្រកួត​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ី សម្រាប់​វិញ្ញាសា​ជា​ក្រុម ហើយក៏​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ក្រោយ​ដំណើការ​ប្រកួត​រយៈពេល ៣​ថ្ងៃ កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ៤​គ្រឿង រួមមាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ។​
​សូមបញ្ជាក់ថា ការប្រកួត​កីឡា​គុន​ដាវ​សាកលវិទ្យាល័យ​អាស៊ី​ឆ្នាំ​២០១៩ ដែល​សឹង្ហ​បុរី ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​នេះ បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​វិទ្យាស្ថាន​អប់រំ​ចំនួន ១៨​ចូលរួម ស្មើនឹង​កីឡាករ​-​កីឡាការិនី ១៧៣​នាក់ ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា​ចំនួន ៩​រូប​ផងដែរ ៕

ចំណែក