សប្បុរសជន​​ផ្នែក​កីឡា​ប្រចាំ​ក្រសួងសេដ្ឋកិច្ច​ ​​​​ឧបត្ថម្ភ​សម្ភារៈ​មួយ​ចំនួន​ ដល់​​សាលា​រៀន​ តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តកំពត

219

​កំពត ៖ កាលពី​ចុងសប្ដាហ៍នេះ ​ក្រុមការងារ​សម្របសម្រួល ​រៀបចំ និង​គ្រប់គ្រង​កីឡាបាល់ទាត់ និង​ក្រុម​កីឡាករ​បាល់ទាត់​ប្រចាំ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​បំពេញបេសកកម្ម​សប្បុរសធម៌​ទៅ​កាន់​សាលា​បឋម​-​សិក្សា​ សាមគ្គី​ខ្មែរ បារាំង អូទ្រីស ស្វី​ស​ ដែល​ជា​សាលា​​ស្ថិតនៅ​តំបន់​ដាច់ស្រយាល និង​មានការ​ខ្វះខាត​ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​ធំ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។

ការ​បំពេញ​បេសកកម្ម​សប្បុរសធម៌​នេះ មាន​គោលបំណង​ចូលរួម​ចែករំលែក​ចំណេះដឹង ​និង​បទពិសោធន៍​ល្អ​ក្នុង​ជីវិត ព្រមទាំង​ដើម្បី​ឧបត្ថម្ភ​នូវ​សម្ភារៈ​សិក្សា​ សម្ភារៈ​កីឡា សំលៀកបំពាក់​កីឡា និង​គ្រឿង​ឧបភោគបរិភោគ ​មួយ​ចំនួនទៀត ដែល​ជា​វិភាគទាន​បាន​មកពី​ការចូលរួមចំណែក​រប​ស់​ថ្នាក់ដឹកនាំ ​និង​មន្ត្រីរាជការ​នៃ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​ដែល​បាន​ផ្ដល់​ជូន​តាមរយៈ​ក្រុមការងារ​សម្របសម្រួល ​រៀបចំ និង​គ្រប់គ្រង​កីឡាបាល់ទាត់​ប្រចាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សម្រាប់​ផ្ដល់​ជូន​ប្អូនៗ ​សិ​ស្សា​-នុ​សិស្ស​ ដែល​កំពុង​សិក្សា​នៅ​សាលា​នេះ ហើយក៏​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ចំនួន ៥០ នាក់​។

សូម​ គូសបញ្ជាក់​ផងដែរ​ថា​ នេះ​ជា​លើក​ទី ២ ​ហើយ ដែល​ក្រុម​កីឡា​បាល់ទាត់​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​បំពេញបេសកកម្ម​សប្បុរស​ធម៌​បែបនេះ ​ដោយ​លើក​ទី ១ ក្រុមការងារ​បាន​ទៅ​បំពេញ​បេសកកម្ម នៅ​សាលាបឋមសិក្សា​ដូង ​ដែល​មាន​ទីតាំង​ក្នុង​ខេត្តកំពង់ស្ពឺ​។ ​​​

បេសកកម្ម​សប្បុរសធម៌​នេះ មាន​គោលដៅ​ចែករំលែក​សេចក្ដីស្រឡាញ់ ​និង​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ ក៏ដូចជា​មន្ត្រីរាជការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាមួយ​សិស្សានុសិស្ស​ដែល​រស់​នៅ​តាម​បណ្ដា​ទីជនបទ​ ឬ​តំបន់​ដាច់ស្រយាល សំដៅ​ចូលរួមចំណែក​លើកស្ទួយ​ស្មារតី​ស្រឡាញ់​កិច្ចការងារ​សង្គម​ ប្រកបដោយ​ទឹកចិត្ត​សប្បុរស និង​មនុស្សធម៌​ ព្រមទាំង​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​សិស្សានុសិស្ស​ នៅតាម​មូលដ្ឋាន ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ ទាំង​ផ្នែក​ធនធាន​បញ្ញា ស្មារតី សុខភាព សម្ភារៈ និង​ធនធាន​ហិរញ្ញវត្ថុ​៕

ចំណែក